បាត់ដំបង÷ បុគ្គលិកកាស៊ីណូជនជាតិថៃ ២នាក់ស្នាក់បណ្តោះអាសន្នក្នុងខេត្តប៉ៃលិន បានទាស់សម្តីគ្នាមួយប្រាវទ្រាំលែងបានទាញកាំបិតចុងស្រួចចាក់គ្នាធ្លាយពោះវៀន។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ករណីប្រើអំពើហិង្សាចាក់គ្នាបណ្តាលឲ្យរងរបួសធ្ងន់នេះបានកើតឡើងនៅរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចបន្ទប់ជួលយីហោ ពេជ្របុប្ផាអង្គរ ស្ថិតក្នុងភូមផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះមាន ឈ្មោះប៊ូនវិសេត រ៉ាវិស៊ូត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិថៃជាបុគ្គលិកកាស៊ីណូ Grand Pailin ស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន រងរបួសធ្ងន់ធ្លាយពោះវៀនចេញក្រៅ ចំណែកជនសង្ស័យមាន ឈ្មោះលីកែវ ភីនីខន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិថៃ ជាបុគ្គលិកកាស៊ីណូជាមួយគ្នា ដូចគ្នាស្នាក់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

ប្រភពដដែលបន្ថែមថា មុនពេលកើតហេតុគេឃើញជនជាតិថៃ ជាបុគ្គលិកកាស៊ីណូទាំង ២នាក់បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក បានបន្តិចស្រាប់តែជនរងគ្រោះស្រែកហៅគេឯងឱ្យជួយ ខណ:ខ្លួនបានធ្លាយពោះ ហូរឈាមដាបរាងកាយ។ ក្រោយកើតហេតុកម្លាំងនគរបាលបានចុះស្ទាក់ចាប់ខ្លួនជនដៃភ្លាមៗនាំយកទៅសាកសួរ និងរៀបចំសំណុំរឿងអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង

Share.