កីឡាករឆ្នើមប្រចាំក្លិបបានទាត់វិសាខា កែវ សុខផេង បានសម្រេចព្យួរស្បែកជើងពីអាជីពលើសមរភូមិវាលស្មៅទាំងបង្ខំ ដោយសារមានរបួសរាំរ៉ៃមិនអាចបន្ដការប្រកួតប្រជែងទៀតបាន ក៏ដូចជាការចង់ផ្ដល់ឱកាសឲ្យសិស្សប្អូនជំនាន់ក្រោយបានបង្ហាញសមត្ថភាព និងជួយក្លិបផងដែរ។
ក្រោយពេលប្រកាសពីការចូលនិវត្តន៍របស់ កែវ សុខផេង រួចមក អាវលេខ ១០នៅវិសាខា នៅមិនទាន់ច្បាស់ថា នឹងត្រូវឱ្យកីឡាកររូបណាពាក់បន្តនោះទេ ខណៈក្រុមគ្រងតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣សម័យមួយនេះ ប្រកាសថាត្រូវទុកអាវលេខ១០នេះ ឲ្យទំនេរ ៣រដូវកាល។ នេះបើយោងតាមថ្នាក់ដឹកនាំរបស់ក្លិបបាល់ទាត់វិសាខា បានបង្ហើមនៅថ្ងៃពិធីជួបជុំក្រុមមុនចូលនិវត្តន៍ កាលពីពេលថ្មីៗនេះ។
ការទុកអាវលេខ១០ អោយទំនេរនេះត្រូវបានក្លិបចាត់ទុកថាជាការតបស្នងសងគុណដល់ការប្រឹងប្រែងរបស់ កែវ សុខផេង កន្លងមកលើវិថីបាល់ទាត់មួយក្លិបបាល់ទាត់វិសាខា។
កីឡាករ កែវ សុខផេង កើតនៅថ្ងៃទី ៣ ខែមិនា ឆ្នាំ១៩៩២ នៅភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន សុខផេង កំពុងលេងអោយក្លឹប វិសាខា ហើយក៏ជាកីឡាករជម្រើសជាតិផងដែរ។ ជាប្អូនប្រុសបង្កើតរបស់កីឡាករ កែវ សុខង៉ន ដែលក៏ជាអតីតកីឡាករជម្រើសជាតិ។
គួរបញ្ជាក់ថា កែវ សុខផេង បានផ្ទេរមកចូលរួមជាមួយក្លិបកីឡាបាល់ទាត់ វិសាខា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ដែលគិតមកទល់ពេលនេះ គឺមានរយៈពេល ១,៧៧១ថ្ងៃ ដោយបានរួមចំណែកជួយក្រុមយ៉ាងច្រើន ទាំងការប្រកួតក្របខណ្ឌថ្នាក់ជាតិ និងអន្ដរជាតិ ជាពិសេសគឺការរួមចំណែកជួយក្រុមបើកទំព័រប្រវត្តិសាស្ដ្រ គ្រងតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣សម័យកាលជាប់គ្នានៅឆ្នាំ២០២០, ២០២១ និងចុងក្រោយក្នុងឆ្នាំ២០២២៕