អាជ្ញាធររបស់កោះហុងកុង នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ ថ្មីៗនេះ បានចាប់ខ្លួនមនុស្សមួយចំនួន បូកទាំងកីឡាកររហូតដល់១១នាក់មកពីក្រុមតែមួយ ក្រោយស៊ើបអង្កេតរកឃើញថាមានពាក់ព័ន្ធនឹងលក់គ្រាប់បាល់អំឡុងការប្រកួត នៅក្នុងលីគកំពូលនិងលីគទី២របស់ខ្លួន នាពេលកន្លងទៅ។
សារព័ត៌មាន scmp របស់ហុងកុង បានបញ្ជាក់ថាសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សដល់ទៅ២៣នាក់ បូកទាំងកីឡាករនិងគ្រូបង្វឹកចំនួន១១នាក់ ទាក់ទងនឹងករណី «លក់គ្រាប់បាល់» ខណៈភាគច្រើនគឺជាមនុស្សមានវ័យចន្លោះពី២៥ដល់៣៦ឆ្នាំ។
មន្រ្តីរបស់គណៈកម្មការឯករាជ្យឆ្នាំនឹងអំពើពុករលួយរបស់ហុងកុង បានបញ្ជាក់ថានេះជាការបង្រ្កាបផ្ទៃក្នុងទ្រង់ទ្រាយធំនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពាក់ព័ន្ធនឹងល្បែងស៊ីសងនេះ។ ជាមួយគ្នានេះដែរក៏មានភស្តុតាងដែលរកឃើញបឋម បញ្ជាក់ថាកីឡាករម្នាក់ៗទទួលបានប្រាក់១ម៉ឺនដុល្លារហុងកុង (១២០០ដុល្លារអាមេរិក) ពីការប្រកួតនីមួយៗដែលខ្លួនបានពាក់ព័ន្ធ។
«ក្នុងការប្រកួតមិនបានបញ្ជាក់ថាពួកគេបង្ហាញសមត្ថភាពល្អលើទីលានប៉ុណ្ណានោះទេ ទៅជាបង្ហាញថាពួកគេបន្លំ (សម្តែងបោកប្រាស់) បានឱ្យបានល្អ ឬ ពួកគេអាចជួយរៀបចំលទ្ធផលដែលគេកំណត់ទុកបានត្រឹមត្រូវប៉ុណ្ណាវិញ»។ មន្រ្តីបន្ថែម។
មិនមានអ្នកណាបញ្ជាក់ពីឈ្មោះក្រុមដែលមានកីឡាករនិងគ្រូបង្វឹកពាក់ព័ន្ធ នឹងការ«លក់គ្រាប់បាល់»នេះនោះទេ ប៉ុន្តែបើតាមប្រភពក្នុងស្រុករបស់ហុងកុង មួយទៀត បញ្ជាក់ថាអ្នកដែលឃាត់ខ្លួននោះ គឺចេញពីក្រុម Happy Valley ដែលជាក្រុមមានវ័យចំណាស់ជាងគេនៅហុងកុង។ ក្រុម Happy Valley ប្រកួតនៅក្នុងលីគទី២របស់ហុងកុង ចំនួន២៦លើក ឈ្នះបានតែ៨លើកប៉ុណ្ណោះ ក្នុងរដូវកាលឆ្នាំ២០២២-២៣ របស់ខ្លួន។
សមត្ថកិច្ចនៅមិនទាន់បង្ហាញពីទិន្នន័យចំនួនទឹកប្រាក់ជុំវិញករណី«ភ្នាល់» នេះនៅឡើយនោះទេ ដោយគ្រាន់តែថាបញ្ជាក់ថាខ្លួនកំពុងស៊ើបអង្កេតបន្ត៕