ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា មិនអស់ចិត្តចំពោះការរកឃើញវីរុស កូវីដ-១៩ នៅលើសាច់ក្របី ដែលនាំចូលពី ប្រទេសឥណ្ឌា ​មកប្រទេសកម្ពុជា ​និងបានស្នើសុំឲ្យធ្វើតេស្ដម្ដងទៀត។

តាមរយៈផេករបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្ស្ថាយដឹងថា ស្ថានទូតឥណ្ឌា បានអះអាងថា សាច់ក្របីនេះ ត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ មុននឹងនាំចូលមក ប្រទេសកម្ពុជា។ មួយវិញទៀត សាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជា​នៅខែកក្កដា ដែលគ្មានភ័ស្ដុតាង​វិទ្យាសាស្ត្រណាបង្ហាញថា វីរុសកូវីដ-១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារ និងចំណីអាហារ ក្នុងរយៈពេលជិត ៣ ខែនោះទេ។

សាច់ក្របីក្លាស្សេចំនួនពីរកុងតឺន័រ ដែលនាំចូលមក ពីប្រទេសឥណ្ឌាត្រូវបានគយ និងរដ្ឋាករកម្ពុជា ត្រួតពិនិត្យនិងរកឃើញមានផ្ទុកមេរោគកូវីដ១៩។ ទន្ក្រទឹមនឹងនេះ ក្រសួងសុខាភិបាល ប្រកាសថា សាច់ក្របីបង្កកពីរកុងតឺន័រ ក្នុងចំណោមប្រាំកុងតឺន័រត្រូវបានរកឃើញមេរោគនេះ។ តាមគម្រោងសាច់ក្របីនេះ នឹងយកទៅដុតបំផ្លាញចោល នៅក្នុងខេត្តកំពង់ស្ពឺ ប៉ុន្តែនៅមិនទាន់កំណត់ថ្ងៃជាក់លាក់នៅឡើយទេ។

ប្រទេសកម្ពុជា បាននាំចូលសាច់ក្របីជាង ៩០០តោន ពីប្រទេសឥណ្ឌា នៅក្នុងរយៈពេល ៥ខែឆ្នាំ ២០២១នេះ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកដែលកំពុងមានសន្ទុះបរិភោគសាច់សត្វប្រភេទកើនឡើងជាលំដាប់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ 

ទោះជាយ៉ាងនេះក្តីក្រសួងកសិកម្មកាលពីថ្ងៃទី ១ខែឧសភានេះ បានសម្រេចផ្អាកការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀត ក្នុងនោះរួមទាំងសាច់ក្របីផង ដែលមានប្រភពមកពីប្រទេសឥណ្ឌា ដោយចាត់ទុកថា មានហានិភ័យខ្ពស់ខណៈប្រទេសនេះ កំពុងញាំញីដោយការឆ្លងរាលដាល ដ៏គ្រោះថ្នាក់នៃមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី។

កាលពីឆ្នាំ ២០២០កន្លងទៅនេះកម្ពុជា បាននាំចូលសាច់ក្របីពីប្រទេសឥណ្ឌាប្រមាណ ១.៦៣០តោន មានតម្លៃ ១៧,៧លានដុល្លារ កើនឡើងពី ៦,៤លានដុល្លារ ធៀបនឹងឆ្នាំ ២០១៩៕

Share.