ពានរង្វាន់បាល់ទាត់ Merdeka Tournament ដែលសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បង្កើតឡើងសម្រាប់ក្រុមជម្រើសជាតិខ្លួនប្រកួតប្រជែង មានអាយុកាល៦៦ឆ្នាំហើយ ស្របពេលដែលនៅឆ្នាំ២០២៣ នេះសល់ក្រុមចំនួន៣ប៉ុណ្ណោះ ចូលរួមប្រកួតប្រជែង ក្រោយក្រុមប៉ាឡេស្ទីន និងលីបង់ ប្រកាសដកខ្លួនភ្លាម។
ដំបូងឡើងក្នុងខែមីនា កន្លងទៅម៉ាឡេស៊ី បានអញ្ញើញក្រុមសរុបចំនួន៤ចូលរួមប្រកួត ប៉ុន្តែក្រោយមកក្រុមលីបង់ សម្រេចដកខ្លួនវិញ ក្រោយចាប់ឆ្នោតវគ្គចែកពូលជម្រុះពាន 2026 World Cup ស្ថិតនៅពូលជាមួយប៉ាឡេស្ទីន។ ឯម៉ាឡេស៊ី បានអញ្ញើញតាជីគីស្ថាន មកជំនួសកូតាដែលទំនេរ។ ប៉ុន្តែថ្មីៗនេះមានសង្រ្គាមរវាងអ៊ីស្រាអ៊ែល ទល់ក្រុមហាម៉ាស់ ទើបក្រុមប៉ាឡេស្ទីន សម្រេចដកខ្លួនជាបន្ត។
ដូច្នេះក្រុម៣ដែលនៅសល់មានឥណ្ឌា តាជីគីស្ថាន និងម្ចាស់ផ្ទះម៉ាឡេស៊ី ដោយសហព័ន្ធបាល់ទាត់ម៉ាឡេស៊ី ចាប់ឆ្នោតទៅឃើញថា ក្រុមម៉ាឡេស៊ី ត្រូវប៉ះក្រុមឥណ្ឌា ហើយក្រុមតាជីគីស្ថាន ឈរចាំវគ្គផ្ដាច់ព្រ័ត្រ។
ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Bukit Jalil National Stadium ក្នុងរាជធានីកូឡាឡាំពួរ ពីថ្ងៃទី១៣ ដល់១៧ ខែតុលា ឆ្នាំ២០២៣
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
១៣ តុលា ២០២៣ ម៉ាឡេស៊ី ៤-២ ឥណ្ឌា
វគ្គផ្ដាច់ព្រ័ត្រ
១៧ តុលា ២០២៣ ម៉ាឡេស៊ី ប៉ះ តាជីគីស្ថាន
សូមបញ្ជាក់ថាពានរង្វាន់Merdeka Tournament ដែលបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥៧ ម៉ាឡេស៊ី ក៏បានអញ្ញើញក្រុមកម្ពុជា ចូលរួមដែរ ដោយកាលនោះ ជើងឯកបានទៅហុងកុង ហើយឥណ្ឌូណេស៊ី ជាម្ចាស់ជើងឯករង និងវៀតណាម ខាងត្បូង ឈ្នះមេដាយសំរឹទ្ធិ៕