នៅថ្ងៃព្រហស្បិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធអេស្ប៉ាញ Victor Blasco មុនទីផ្សារដោះដូរកីឡាករ ៥ថ្ងៃ ក្រោយចូលរួមជាមួយក្រុមកាលពីដើមរដូវកាល នៃពានរង្វាន់លីគកំពូលកម្ពុជា នៃពានរង្វាន់ Cambodian Premier League 2023-2024។
ក្នុងនោះអង្គរថាយហ្គឺរ បានថ្លែងក្នុងសេចក្តីប្រកាសថា៖ «យើងត្រូវបានឈានដល់កិច្ចព្រមព្រៀងសម្រេចចិត្ដចែកផ្លូវគ្នាជាមួយកីឡាករ Victor Blasco ។ វាជាការសម្រេចចិត្តដ៏លំបាកសម្រាប់ក្លិប ដែលការសម្រេចចិត្តនេះមានការព្រមព្រៀងគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណា តាងនាមក្លិបអង្គរថាយហ្គឺរ និងសមាជិកមិត្តរួមក្រុម សូមថ្លែងអំណរគុណទៅកាន់កីឡាករ Victor Blasco សម្រាប់ពេលវេលាល្អៗក្នុងការរស់នៅជាគ្រួសារតែមួយ និងការខិតខំប្រឹងប្រែងជួយក្លិបរបស់យើងកន្លងមក ។ សូមជូនពរ Blasco ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងអាជីពរួមក្រុមផ្សេងទៀតនាថ្ងៃអនាគត»។
ខ្សែប្រយុទ្ធ Victor Blasco ជាអតីតកីឡាករ Deportivo y Social VIDA ម្ចាស់ជើងឯក ២សម័យលីគកំពូលហុងឌូរ៉ាស មុនចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅជុំទី២ នៃពានរង្វាន់ Cambodian Premier League 2022។ កីឡាករវ័យ២៧ឆ្នាំរូបនេះ ជាអតីតយុវជនថ្នាលរបស់ក្រុមអ្នកមានបុណ្យ FC Barcelona ដោយរូបនេះមានដើមកំណើតនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ តួនាទីជាខ្សែប្រយុទ្ធស្លាបឆ្វេង មានកម្ពស់ ១.៧៨ម៉ែត្រ។
គួរដឹងថា Victor គឺជាមិត្តភក្តិដ៏ជិតស្និតរបស់ Marcus Haber អំឡុងពេលដែលគេប្រកបអាជីពបាល់ទាត់នៅក្របខណ្ឌ Canadian Premier League លីគកំពូលកាណាដា Pacific FC និងនៅព្រះខ័នរាជស្វាយរៀង ក្របខណ្ឌ Cambodian Premier League លីគកំពូលកម្ពុជា។
រំលឹកថា ក្រុមហ៊ុន Cambodian Premier League បានចេញផ្សាយពីកាលបរិច្ឆេទនៃការផ្ទេរកីឡាករជាតិ និងកីឡាករអន្តរជាតិ លើកទី២ (Transfer Window 2) សម្រាប់ តាមប្រព័ន្ធអនឡាញ (FIFA TMS and FIFA CONNECT) ដែលនឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ។
ខ្លឹមសារសង្ខេបនៅលើសេចក្តីជូនដំណឹងបញ្ជាក់ថាទីផ្សារដោះដូរកីឡាករលើកទី២ នឹងបើកទ្វារនៅថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ ហើយបិទទៅវិញថ្ងៃទី១១ ខែធ្នូ ២០២៣ ដោយក្នុងនោះក្លិបជាសមាជិកអាចបន្ថែមកីឡាករក្នុងក្រុមខ្លួនបាន៖
កីឡាករជាតិ ៦រូប
កីឡាករអន្តរជាតិ ៣រូប
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់លោក នី យុទ្ធ ជាគ្រូបង្គោល ( បណ្ដោះអាសន្ន) កំពុងស្ថិតនៅលេខរៀងទី៩ ក្នុងតារាងចំណាត់ថ្នាក់ លីគកំពូលកម្ពុជា ដោយឆ្លងកាត់ ១០ប្រកួត ឈ្នះ ២ ស្មើ១ និងចាញ់ ៧ប្រកួត ស៊ុតបាន ៩គ្រាប់ របូត ២១គ្រាប់ មាន ៧ពិន្ទុ៕