វ័យ៣៩ឆ្នាំ ជាកំណត់ត្រាកីឡាករវ័យចំណាស់ជាងគេទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League, លីគទី២ Cambodian League 2 និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន Hun Sen Cup រដូវកាលនេះ លោក កាំង សេន ដែលជាប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ព្រមទាំងបានចុះបញ្ជីជាកីឡាករផងនោះ បានបង្ហាញខ្លួនលើទីលានជាផ្លូវការហើយ កាលពីពេលថ្មីៗ។
បុរសកើតក្នុងឆ្នាំ១៩៨៤ រូបនេះត្រូវបានលោកគ្រូបង្វឹក John Botioba ជនជាតិកាមេរ៉ូន ដាក់ក្នុងបញ្ជី១១នាក់ដំបូង ប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយ ជើងទី២នៃពានរង្វាន់ Hun Sen Cup 2023-24 ជើងឯកថ្នាក់ជាតិ ក្នុងជំនួបទទួលក្រុមបាល់ទាត់អង្គរស៊ីធី លើទីលានAIA Stadium, KMH Park តំបន់ផ្លូវវេងស្រេង រាជធានីភ្នំពេញ នារាត្រីថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ថ្មីៗនេះ។
បង្ហាញខ្លួនបាន៧០នាទី លើទីលាន កីឡាករ កាំង សេន ម្ចាស់អាវលេខ៩ ត្រូវបានប្តូរចេញជំនួសវិញដោយកីឡាករ ហាវ សុខនេត្រ គ្រាដែលក្រុម ISI ដង្កោសែនជ័យ កំពុងនាំមុខក្រុមភ្ញៀវ៥ទល់០ ទៅហើយនោះ។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺថាលោក John Botioba មិនបានដាក់កីឡាករបរទេសរបស់លោកអោយចូលប្រកួតនោះទេពោលគឺប្រើប្រាស់កីឡាករខ្មែរសុទ្ធសាធ។
តែយ៉ាងណាលទ្ធផលនៃការប្រកួតនេះបញ្ចប់ទៅ ដោយ ISI យកឈ្នះ អង្គរស៊ីធី ៩-០ ខណៈដែលជើងទី១ប្រកួតនៅខេត្តសៀមរាប ISI ធ្លាប់បានឈ្នះអង្គរស៊ីធី ៧-០ ម្តងរួចទៅហើយ។ ដូច្នេះ ISI កក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
គេនៅចាំបានថាលោក កាំង សេន ធ្លាប់ជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួតក្នុងជំនួបឈ្នះ ៦-០ ទល់នឹងខេត្ដឧត្ដរមានជ័យ នៅកីឡដ្ឋាន Smart RSN នៃពានរង្វាន់ Hun Sen Cup វគ្គជម្រុះ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិផងដែរកាលពីឆ្នាំ២០២២ កន្លងទៅ ក្រោយប្ដូរចូលនៅនាទី ៦២ ហើយរកបានគ្រាប់បាល់១គ្រាប់ និងបញ្ជូនបាល់អោយមិត្ដរួមក្រុម១លើក។
អំឡុងពេលដែលក្រុម ISI ដង្កោសែនជ័យ ប្រកួតប្រជែងក្នុងពានរង្វាន់ Cambodian League Cup នៅឆ្នាំ២០២២ កន្លងទៅលោក កាំង សេន ក៏ធ្លាប់បានបង្ហាញខ្លួនជួយក្រុមដែរ ព្រមទាំងរកបានគ្រាប់បាល់១គ្រាប់ ទល់នឹងក្រុមណាហ្គាវើល នៃជំនួបបើកឆាកក្នុងពូលទៀតផង ក្រោយប្តូរចូលនៅនាទី៨០ លើទីលានកីឡដ្ឋាន AEU Park។
ក្រុម ISIដង្កោសែនជ័យ បានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់លីគទី២ពីឆ្នាំ២០២០ ដល់២០២២ ហើយមានឈ្មោះឡើងចូលលេងក្នុងលីគកំពូលកម្ពុជា នៅរដូវកាល២០២៣-២៤ នេះ ស្របពេលដែលក្លិបឈរទីតាំងនៅក្បែរផ្សារ K-Mall តាមបណ្តោយផ្លូវវេងស្រេង ហើយលោក កាំង សេន ក៏ចុះឈ្មោះធ្វើជាកីឡាករតាំងពីចាប់ផ្តើម ដល់បច្ចុប្បន្ន ផងដែរ៕
រូបថត៖ ISI ដង្កោសែនជ័យ