សៀមរាប ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី អំពើឃាតកម្ម ប្រើប្រាស់ដាវកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ នៅចំណុចស្ថិតក្នុងភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
![](https://cdn.troryorng.com/wp-content/uploads/2024/02/27160543/%E1%9E%80%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%82%E1%9F%92%E1%9E%93%E1%9E%B6.jpg)
ការឃាត់ខ្លួនជនសង្ស័យនេះ ក្រោយពីបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សំ ស៊ី ហៅស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មានសារធាតុញឿននៅក្នុងខ្លួន។ ចំណេកជនរងគ្រោះឈ្មោះ នាវ ស្រីហ៊ុច ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
![](https://cdn.troryorng.com/wp-content/uploads/2024/02/27160537/%E1%9F%A1%E1%9F%A8-2.jpg)
បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់សម្លាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយកន្លងមកជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្តីនិងគ្នា ពុំមាននរណាបានដឹង ទើបខ្លួនគុំគួន ជាមួយជនរងគ្រោះ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោងប្រហែល១៣និង៣០នាទី ខ្លួនបានផឹកស្រាសអស់ចំនួន២លីត្រ បន្ទាប់មកក៏ដើរទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់កាំបិតដាវចំនួន០១ដើម ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះកំពុងនៅក្នុងចម្ការដំឡូងម្នាក់ឯង ក៏ធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះ ០១កាំបិត ចំក្បាល បណ្តាលឲ្យជនរងគ្រោះដួលទៅនិងដី ហើយបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកចំនួន០៣កាំបិតទៀត បណ្តាលឲ្យជនរងគ្រោះស្លាប់ ហើយក៏កាច់ដើមដំឡូងគ្របពីលើសាកសពជនរងគ្រោះ កុំឱ្យគេឃើញ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនតែម្តង។
![](https://cdn.troryorng.com/wp-content/uploads/2024/02/27160544/image-824-1024x768.png)
ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕
អត្ថបទ៖ ចតុមុខ
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)