សមាគមឧស្សាហកម្មសម្ដែងថ្នាក់ជាតិប្រទេសចិនបានចេញលិខិត ព្រមាននិងធ្វើពហិការចំពោះតារារូបនេះ ធ្វើឱ្យអនាគតក្នុងរង្វង់សិល្បៈរបស់លោកកាន់តែងងឹតសូន្យសុង។
តារាល្បីចិន Zhang Zhehan ទើបតែត្រូវបានគេគាស់កកាយយករូបចាស់ដែលលោកបានទៅចូលរួមមង្គលការមិត្តភក្ដិ និង រូបដើរកម្សាន្តថតរូបនៅតំបន់ស្ដូបអនុស្សាវរីយ៍ទាហានជប៉ុននៅប្រទេសជប៉ុន រហូតក្លាយជារឿងក្ដៅនិងរងការរិះគន់ពីសាធារណជនរហូតប្រេនផលិតផលធំៗ សម្រេចចិត្តបញ្ចប់កុងត្រា សូម្បីតែភាពយន្តត្រៀមថតក៏ផលិតករសម្រេចដកឈ្មោះបុរសសង្ហារូបនេះចេញដែរ។
ក្រោយលិខិតខាងលើត្រូវបានប្រកាសជាផ្លូវការ ក្រុមហ៊ុន Social Modia ដ៏ធំរបស់ចិនដូចជា Weibo ក៏បានសម្រេចចិត្តលុបចោលគណនីផ្ទាល់ខ្លួនរបស់ Zhang Zhehan ថែមទាំងលុបចោលគ្រប់ ប្រធានបទឬបទសន្ទនាទាំងអស់ពាក់ព័ន្ធនឹងតារាសម្ដែងរូបនេះចោលថែមទៀត។
មិនត្រឹមតែប៉ុណ្ណោះសូម្បីតែ Platform វីដេអូ Content ដ៏ល្បីដូចជា Tiktok របស់ចិនក៏បានលុបចេញគណនី របស់ Zhang Zhehan ដូចគ្នាដែរ។ មិនត្រឹមតែប៉ុណ្ណោះ Platform Streaming Online ធំៗ ក៏លុបគណនីរបស់តារារូបនេះចេញពីប្រព័ន្ធរបស់ខ្លួនដូចគ្នា។
ចុងក្រោយ Youku បានលុបឈ្មោះ Zhang Zhehan ចេញពីក្នុងបញ្ជីឈ្មោះតារាសម្ដែងនិងការអត្ថាធិប្បាយតួអង្គរបស់លោកចេញពីក្នុងភាពយន្តភាគបុរាណចិនដ៏ល្បី Word of Honor ដែលលោកសម្ដែងជាតួអង្គឯកចោលដែរ។
Zhang Zhehan គឺជាតារាសម្ដែង និងតារាចម្រៀងជនជាតិចិន មានវ័យ ៣០ឆ្នាំ កើតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៩១៕
ទស្សនាវីដេអូព័ត៌មានខាងក្រោម៖