នៅយប់ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ក្រុមជម្រើសជាតិវៀតណាម បានរងបរាជ័យក្រោមថ្វីជើងឥណ្ឌូណេស៊ី ក្នុងលទ្ធផលចាស់ដៃយ៉ាងចាស់ដៃ ៣-០ នៅកីឡដ្ឋាន Mỹ Đình National Stadium វគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2026 ជុំទី២។
ប៉ុន្មានម៉ោងក្រោយចប់ការប្រកួតសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹក Philippe Troussier ភ្លាមៗតែម្តង ដោយរងការរិះគន់យ៉ាងចាស់ពីសំណាក់អ្នកគាំទ្រវៀតណាម ក្រោយចាញ់ឥណ្ឌូណេស៊ី ២ប្រកួតជាប់គ្នា សរុបលទ្ធផលទាំង២ជើង ៤-០។
លោក Philippe Troussier គ្រូបង្វឹកសញ្ជាតិបារាំង ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិវៀតណាម កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជំនួសកៅអីលោក Park Hang-seo គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង ខណ:កុងត្រារបស់លោក Troussier គឺរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯណោះ។
១១ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិវៀតណាម ក្រោមការដឹកនាំរបស់លោក Philippe Troussier ឈ្នះ១លើកប៉ុណ្ណោះ និងចាញ់១០លើក៖
- ១០ តុលា ២០២៣ ចិន ២-០ វៀតណាម មិត្តភាព
- ១៣ តុលា វៀតណាម ២០២៣ ០-២ អ៊ូសបេគីស្ថាន មិត្តភាព
- ១៧ តុលា ២០២៣ កូរ៉េខាងត្បូង ៦-០ វៀតណាម មិត្តភាព
- ១៦ វិច្ឆិកា ២០២៣ ហ្វីលីពីន ០-២ វៀតណាម វគ្គជម្រុះ World Cup 2026 ជុំទី២
- ២១ វិច្ឆិកា ២០២៣ វៀតណាម ០-១ អ៊ីរ៉ាក់ វគ្គជម្រុះ World Cup 2026 ជុំទី២
- ៩ មករា ២០២៤ កៀហ្ស៊ីស៊ីស្ថាន ២-១ វៀតណាម មិត្តភាព
- ១៤ មករា ២០២៤ ជប៉ុន ៤-២ វៀតណាម AFC Asian Cup
- ១៩ មករា ២០២៤ វៀតណាម ០-១ ឥណ្ឌូណេស៊ី AFC Asian Cup
- ២៤ មករា ២០២៤ អ៊ីរ៉ាក់ ៣-២ វៀតណាម AFC Asian Cup
- ២១ មីនា ២០២៤ ឥណ្ឌូនេស៊ី ១-០ វៀតណាម វគ្គជម្រុះ World Cup 2026 ជុំទី២
- ២៦ មីនា ២០២៤ វៀតណាម ០-៣ ឥណ្ឌូនេស៊ី វគ្គជម្រុះ World Cup 2026 ជុំទី២។
លោក Philippe Troussier គ្រូបង្វឹកវ័យ៦៨ឆ្នាំខាងលើធ្លាប់ដឹកនាំក្រុមជម្រើសជាតិជាច្រើនដូចជា៖ កូតឌីវ័រ, នីហ្សេរីយ៉ា, អាហ្វ្រិកខាងត្បូង, ប៊ូគីណាហ្វាសូ, ជប៉ុន, កាតា, ម៉ារ៉ុក និងក្រុមជម្រើសជាតិវៀតណាម U-19 រួមទាំងក្រុមបាល់ទាត់ Marseille, Hangzhou Greentown, Shenzhen Ruby និង Red Star 93 ជាដើម។
ស្នាដៃសំខាន់មានដូចជា៖ អំឡុងពេលលោកដឹកនាំអាហ្វ្រិកខាងត្បូងប្រកួត FIFA World Cup ជុំផ្តាច់ព្រ័ត្រ ឆ្នាំ១៩៩៨ និងដឹកនាំជប៉ុន ឈ្នះពាន AFC Asian Cup ឆ្នាំ២០០០ និងជើងឯករង FIFA Confederations Cup ឆ្នាំ២០០១ ព្រមទាំងជួយក្រុមជម្រើសជាតិវៀតណាមអាយុក្រោម១៩ឆ្នាំ ឡើងវគ្គចែកពូល AFC U19 Asian Cup ២០២០ ផងដែរ៕