ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៩ឆ្នាំរបស់សាលាតម្រង់ទិសរាជធានីភ្នំពេញ រកបានគ្រាប់បាល់ជាលើកដំបូងក្នុងពានរង្វាន់លីគយុវជនក្រោមអាយុ១៩ឆ្នាំ Cambodian Youth League រដូវកាល២០២៤ ក្រោយដំណើរការបាន៥សប្តាហ៍នេះ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/19093945/%E1%9E%9F%E1%9E%B6%E1%9E%9B%E1%9E%B6%E1%9E%8F%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%84%E1%9F%8B%E1%9E%91%E1%9E%B7%E1%9E%9F%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%92%E1%9E%B6%E1%9E%93%E1%9E%B8%E1%9E%97%E1%9F%92%E1%9E%93%E1%9F%86%E1%9E%96%E1%9F%81%E1%9E%89-U19-1024x683.jpg)
ម្ចាស់គ្រាប់បាល់ទី១របស់ក្រុមសាលាតម្រង់ទិសរាជធានី រកបានដោយខ្សែបម្រើកណ្តាល ជា អៀវហុង ក្នុងជំនួបដែលក្រុមខ្លួនចាញ់ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៤-១ លើទីលានវិទ្យាល័យច្បារអំពៅ នៅថ្ងៃទី១៦ ខែមិថុនា ពីពេលថ្មីៗ ក្រោមការកាត់សេចក្តីពីសំណាក់អាជ្ញាកណ្តាល នៅ ភក្ដី។
សម្រាប់ក្រុមសាលាតម្រង់ទិស ឆ្លងកាត់ការប្រកួត៥លើកមកនេះ មិនទាន់រកបានជ័យជម្នះនៅឡើយនោះទេ ដោយបរាជ័យទាំង៥លើក ក្នុងនោះទើបតែទាត់បញ្ជូលទីបាន១គ្រាប់ ហើយគេទាត់ចូលទីខ្លួនវិញដល់ទៅ២៧គ្រាប់ ឈរនៅចំណាត់ថ្នាក់លេខ១០បាតតារាងគិតត្រឹមសប្ដាហ៍ទី៥នេះ។
យ៉ាងណាក្ដីសាលាតម្រង់ទិសរាជធានី គឺជាក្រុមមួយក្នុងចំណោមក្រុម២ ដែលមិនទាន់ស្គាល់ជ័យជម្នះ បន្ទាប់ពីក្រុមអង្គរថាយហ្គឺរ ដោយប្រកួត៥លើក ស្មើគ្នា១លើក និងចាញ់៤លើក។ ចំណែកក្រុមវិសាខា បានបញ្ចប់ដំណើរមិនចាញ់សោះរបស់ក្រុមបឹងកេត ត្រឹមសប្តាហ៍ទី៥នេះ ហើយដណ្តើមយកកៅអីកំពូលតារាង បន្ទាប់ពីរបូតកាលពីសប្ដាហ៍ទី៤កន្លងទៅ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/19094021/Stadings-U19-1024x1024.jpg)
បើគិតទិន្នន័យនៃការរកគ្រាប់បាល់បញ្ជូលទីគូប្រកួត ឃើញថាមានការកើនឡើងដល់១០៤គ្រាប់ហើយ ស្របពេលដែលកីឡាករ ទី ផាន់ របស់ក្រុមភ្នំពេញក្រោន ជាម្ចាស់គ្រាប់បាល់ទី១០០ ក្នុងពេលខ្លួនជួយក្រុមយកឈ្នះលើយុវជនសាលាបាល់ទាត់ជាតិបាទី នៅឯខេត្តតាកែវ ដោយលទ្ធផល ៤-០ ហើយកីឡាកររូបនេះរកបាន២គ្រាប់ក្នុងប្រកួតនោះ។
សម្រាប់កីឡាករ នៅ វណ្ណដា របស់ក្រុមព្រះខ័នរាជស្វាយរៀង រកបានគ្រាប់បាល់ Hat-Trick នៅក្នុងសប្ដាហ៍ទី៥នេះ ក្រោយមានកីឡាករ៣នាក់ធ្លាប់រកបាន Hat-Trick តាំងពីសប្ដាហ៍ទី១និងទី២ កន្លងទៅក្នុងនោះមានកីឡាករ ថាច់ ដារ៉ូ របស់សាលាបាល់ទាត់ជាតិបាទី កីឡាករ ស្រេង សុខគា របស់ Tiffy Army FC និងកីឡាករ សួន មករា របស់ក្រុម ISI ដង្កោសែនជ័យ។
យ៉ាងណាក្តីកីឡាករ អ៊ាវ សុវណ្ណារ៉ា របស់បឹងកេត ដែលកំពុងស្ថិតនៅកំពូលតារាង Top Scores បានបញ្ចប់ដំណើររកបានគ្រាប់បាល់គ្រប់ការប្រកួតរបស់ខ្លួន ត្រឹមសប្តាហ៍ទី៥នេះ ដូចនឹងដំណើរចាញ់ជាលើកដំបូងរបស់បឹងកេត និងជាក្រុមឈ្នះបានរយៈពេលច្រើនប្រកួតជាងគេក្នុងរដូវកាលនេះដែរ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/19094050/ResultWeek5U19-1024x1024.jpg)
សម្រាប់កម្មវិធី ប្រកួតបន្តក្នុងសប្ដាហ៍ទី៦ គ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះ៖
គូទី១៖ ព្រះខ័នរាជស្វាយរៀង Vs សាលាបាល់ទាត់ នៅវិទ្យាល័យស្វាយរៀង
គូទី២៖ អង្គរថាយហ្គឺរ Vs សាលាតម្រង់ទិសរាជធានីភ្នំពេញ នៅផាមកុងទីន័រ
គូទី៣៖ វិសាខា Vs ណាហ្គាវើល នៅមជ្ឈមណ្ឌលហ្វឹកហាត់វិសាខា
គូទី៤៖ ISIដង្កោសែនជ័យ Vs ភ្នំពេញក្រោន នៅកីឡដ្ឋាន អេអាយអេ
គូទី៥៖ បឹងកេត Vs Tiffy Army FC នៅកីឡដ្ឋានបឹងកេត
ពានរង្វាន់លីគយុវជនក្រោមអាយុ១៩ឆ្នាំ រដូវកាល២០២៤ ធ្វើឡើងពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានក្លិបជាសមាជិកចំនួន១០ក្រុមចូលរួមប្រកួតប្រជែង ខណៈរូបមន្តប្រកួតតម្រូវឱ្យក្រុមជាសមាជិកប្រកួតវិលជុំចំនួន៣ជើង ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេចំនួន៤ក្រុម មានឈ្មោះទៅប្រកួត Top4 បន្តយកជើងឯកប្រចាំរដូវកាល៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)