ពានរង្វាន់បាល់ទះពិភពលោក កម្រិតទី២ ឈ្មោះថា FIVB Men’s Volleyball Challenger Cup ក្នុងឆ្នាំ២០២៤ មានក្រុមតាមបណ្តាទ្វីបនានាចូលរួមចំនួន ៨ក្រុម ស្របពេលដែលក្រុមបាល់ទះបុរសរបស់ចិន និងកាតារ មានឈ្មោះតំណាងឱ្យទ្វីបអាស៊ី ចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់មួយនេះ ស្វែងរកកៅអីឡើងទៅលេងក្នុងពានរង្វាន់កម្រិតទី១ប្រចាំពិភពលោក FIVB Men’s Volleyball Nations League ក្នុងរដូវកាលក្រោយ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/19104415/GNIN7ExbAAA_v-h.png)
ក្រុមបាល់ទះដែលមានឈ្មោះចូលរួមទាំង៨ក្រុមនោះមាន៖
១) អេហ្ស៊ីប (ចំណាត់ថ្នាក់ពិន្ទុខ្ពស់ជាងគេប្រចាំទ្វីបអាហ្វ្រិក)
២) ឈីលី (ចំណាត់ថ្នាក់ពិន្ទុខ្ពស់ជាងគេប្រចាំទ្វីបអាមេរិកខាងត្បូង)
៣) ម៉ិចស៊ីកូ (ជើងឯកទ្វីបអាមេរិកខាងជើង 2023 NORCECA Final Four champions)
៤) កាតារ (ជើងឯកទ្វីបអាស៊ី 2024 Asian Challenge Cup)
៥) អ៊ុយក្រែន (ជើងឯកទ្វីបអឺរ៉ុប 2024 European Golden League)
៦) ក្រូអាត (ជើងឯករងទ្វីបអឺរ៉ុប 2024 European Golden League)
៧) បែលហ្សិក (ចំណាត់ថ្នាក់ខ្ពស់ក្នុងបញ្ជីពិភពលោក)
៨) ចិន (ម្ចាស់ផ្ទះ)
![](https://cdn.troryorng.com/wp-content/uploads/2024/06/19104428/Linyi-Olympic-Sports-Park-Stadium-1.jpg)
ពានរង្វាន់បាល់ទះពិភពលោក កម្រិតទី២ ឈ្មោះថា FIVB Men’s Volleyball Challenger Cup ក្នុងឆ្នាំ២០២៤ គ្រោងធ្វើឡើងនៅទីក្រុងLinyi ប្រទេសចិន ពីថ្ងៃទី៤ ដល់៧ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ ដោយចាប់ឆ្នោតជ្រើសរើសគូប្រកួតចាញ់ធ្លាក់តែម្តង ក្នុងនោះ៖
គូទី១៖ ចិន ប៉ះ ម៉ិចស៊ីកូ
គូទី២៖ អេហ្ស៊ីប ប៉ះ កាតារ
គូទី៣៖ អ៊ុយក្រែន ប៉ះ ឈីលី
គូទី៤៖ បែលហ្សិក ប៉ះ ក្រូអាត
![](https://cdn.troryorng.com/wp-content/uploads/2024/06/19104446/448169186_122106926102346727_5381815790239641474_n-1024x868.jpg)
ក្រុមឈ្នះបន្តទៅប្រកួតនៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ស្វែងរកម្ចាស់ជើងឯកប្រចាំឆ្នាំ ខណៈតាមផែនការក្រុមដែលឈ្នះជើងឯកមានឈ្មោះឡើងទៅលេងក្នុងពានរង្វាន់បាល់ទះកម្រិតទី១ពិភពលោក FIVB Men’s Volleyball Nations League ពោលគឺជំនួសក្រុមដែលកាត់ចេញពីពានរង្វាន់នេះផ្ទាល់តែម្តង។
ចំណែកពានរង្វាន់ FIVB Men’s Volleyball Nations League ឆ្នាំ២០២៤ កំពុងតែដំណើរការប្រកួតនៅឡើយ ដោយក្នុងនោះមានក្រុមចំនួន១៦ក្រុម ដូចជា អាហ្សាង់ទីន, ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, គុយបា, បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ហុល្លង់, ប៉ូឡូញ, ស៊ែប៊ី, ស្លូវ៉ានី, តួកគី និងសហរដ្ឋអាមេរិក។
![](https://cdn.troryorng.com/wp-content/uploads/2024/06/19104455/China-1024x683.jpg)
យ៉ាងណាក្តីគេរង់ចាំមើលថាតើពានរង្វាន់ FIVB Men’s Volleyball Nations League ឆ្នាំ២០២៥ នឹងមានការផ្លាស់ប្តូរបែបណាទៀត ខណៈគណៈកម្មការរៀបចំការប្រកួតចង់តំឡើងក្រុមចូលរួមឱ្យបាន១៨ក្រុម ដោយយកជើងឯកពីពានរង្វាន់ FIVB Men’s Volleyball Challenger Cup ចំនួន១ក្រុម និង១ក្រុមទៀតរាប់យកពីក្រុមដែលមានចំណាត់ថ្នាក់ពិភពលោក World Ranking ល្អជាងគេ៕