បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាយនៅក្នុងវគ្គសន្សុំពិន្ទុក្នុងពូលរួចមក ពេលនេះបានរកឃើញក្រុមបាល់ទះបុរស់មកពីប្រទេសចំនួន ៨ដែលដឹកដៃគ្នាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទះផ្នែកបុរសកម្រិពិភពលោក 2024 FIVB Volleyball Men’s Nations League។
![](https://cdn.troryorng.com/wp-content/uploads/2024/06/24100505/dhfdfh-1024x683.jpg)
ក្រុមបាល់ទះក្រុមទាំង ៨រួមមាន៖ ស្លូវេនី, អាហ្សង់ទីន, ជប៉ុន, កាណាដា, ប៉ូឡូញ, ប្រេស៊ីល, អ៊ីតាលី និង បារាំង។ សម្រាប់កម្មវិធីប្រកួតវគ្គ ៨ក្រុមចុងក្រោយមាន៖
- ថ្ងៃទី២៧ មិថុនា៖ ជប៉ុន ប៉ះ កាណាដា
- ថ្ងៃទី២៧ មិថុនា៖ ប៉ូឡូញ ប៉ះ ប្រេស៊ីល
- ថ្ងៃទី២៨ មិថុនា៖ អ៊ីតាលី និង បារាំង
- ថ្ងៃទី២៨ មិថុនា៖ ស្លូវេនី ប៉ះ អាហ្សង់ទីន
ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស 2024 FIVB Volleyball Men’s Nations Leagueត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ បានចាប់ផ្ដើមដំណើរការពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣០ មិថុនា ២០២៤ ដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៦ក្រុម ធ្វើឡើងនៅប្រទេសប៉ូឡូញ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/24100531/fgerws.jpg)
ក្រុមទាំង១៦ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ FIVB Volleyball Men’s Nations League មានអាហ្សង់ទីន, ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, គុយបា, បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ហុល្លង់, ប៉ូឡូញ, តួកគី, ស្លូវេនី, ស៊ែប៊ី និង សហរដ្ឋអាមេរិក ដោយត្រូវចាប់គូប្រកួតវិលជុំសន្សំពិន្ទុ ដើម្បីរកអ្នកមានចំណាត់ថ្នាក់ល្អជាងគេ៤ក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ។
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕
![](https://cdn.troryorng.com/wp-content/uploads/2024/06/24100552/sdgsghs-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)