បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានចេញរបាយការណ៍មួយបង្ហាញថា ប្រទេសកម្ពុជាបន្តស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុត ពាក់ព័ន្ធនឹងការចាត់វិធានការលុបបំបាត់ឬទប់ស្កាត់ការជួញដូរមនុស្ស អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ(សុខៈ)នៅព្រឹកថ្ងៃទី២៨ខែមិថុនា ឆ្នាំ ២០២៤នេះ បានចាត់ទុករបាយការណ៍ នោះថា គ្រាន់តែជា របាយការណ៍នយោបាយ បម្រើរបៀបវារៈនយោបាយ។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការដាក់ចំណាត់ថ្នាក់មកលើកម្ពុជាពីសំណាក់ សហរដ្ឋអាមេរិកមិនមែនជារឿងថ្មីនោះឡើយ។លោកថា ការដាក់ចំណាត់ថ្នាក់ក៏ដូចជាការវាយតម្លៃអំពីស្ថានភាពនៃការការជួញដូរមនុស្សនៅកម្ពុជា នោះ ជាការវាយតម្លៃដោយពុំមានសុក្រឹត្យភាពនិងពុំមានព័ត៌មានគ្រប់ជ្រុងជ្រោយ។ លោកស្នើឲ្យអ្នកចេញរបាយការណ៍នោះពិនិត្យមើលឡើងវិញដើម្បីឲ្យរបាយការណ៍របស់ខ្លួនមានក្រឹត្យភាពនិងមានគុណតម្លៃធ្វើឲ្យរបាយការណ៍របស់ខ្លួនមានការទទួលស្គាល់។
ជាមួយគ្នានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ ក៏បានបញ្ជាក់ដែរថា កម្ពុជាមិនព្រងើយកន្តើយក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនោះឡើយ។ ជាក់ស្តែងលោកថា នៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែងតែចង្អុលដឹកនាំជាប្រចាំឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធតាមដានស្ថានភាពនៃអំពើជួញដូរមនុស្សជាប្រចាំដើម្បីដាក់ចេញនូវ យន្តការនានាក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលា។
ក្រៅពីនេះ លោកថា ក្នុងជំនួបសវនាការជាមួយបណ្តាអង្គទូតនានានាពេលកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងជាបន្តបន្ទាប់អំពីយន្តការក្នុង ប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្សនេះក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាលក្ខណៈ អន្តរជាតិជាមួយនឹងបណ្តាប្រទេសដែលកម្ពុជាមានទំនាក់ទំនងការទូតផងដែរ។
យោងតាម របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិកបានបង្ហាញថា ប្រទេសកម្ពុជាបន្តស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុត ពាក់ព័ន្ធនឹងការចាត់វិធានការលុបបំបាត់ឬទប់ស្កាត់ការជួញដូរមនុស្ស ដែលនាំឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះស្ថិតក្នុងចំណាត់ថ្នាក់កម្រិត ៣ ឬ Tier 3។ កម្រិតបី (Tier 3) មានន័យថា រដ្ឋាភិបាលម្ចាស់ប្រទេសមិនបានប្រឹងប្រែងជាដុំកំភួន និងតាមបទដ្ឋានដូចមានចែងនៅក្នុងច្បាប់ស្ដីពីការការពារជនរងគ្រោះដោយការជួញដូរ (TVPA)។ កម្រិតពីរស្ថិតក្នុងបញ្ជីតាមដាន (Tier 2 Watch List) បានសេចក្ដីថាទោះរដ្ឋាភិបាលម្ចាស់ប្រទេសបានធ្វើកិច្ចការជាច្រើនគួរឱ្យកត់សម្គាល់ តែមិនទាន់បានបំពេញគ្រប់និយាមអប្បបរមាដែលមានចែងក្នុងនិយាមអប្បបរមាអំពីការជួញដូរមនុស្ស ហើយចំនួនជនរងគ្រោះនៅតែច្រើន ខណៈរដ្ឋាភិបាលមិនទាន់ខិតខំដល់កម្រិត និងមិនបង្ហាញភស្ដុតាងជាតឹកតាងគ្រប់គ្រាន់ថាខ្លួនបានព្យាយាម។
របាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកដដែលបានបង្ហាញទៀតថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខ្លះជាម្ចាស់ ឬមានសកម្មភាពដោយផ្ទាល់ តាមរយៈអាជីវកម្មនានា ដូចជានៅតាមទីតាំងអគារ និងទីកន្លែងផ្សេងៗដែលត្រូវបានប្រើប្រាស់ ដោយពួកប្រតិបត្តិករសកម្មភាពឆបោកអនឡាញ ឬហៅថា Scam ដើម្បីកេងប្រវ័ញ្ចជនរងគ្រោះក្នុងអំពើជួញដូរកម្លាំងពលកម្ម ហើយមន្ត្រីទាំងនោះបានទទួលអត្ថប្រយោជន៍ហិរញ្ញវត្ថុពីសកម្មភាពឧក្រិដ្ឋទាំងនោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិតទូច សុឃៈបានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់បង្ក្រាបទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់តាំងពីនៅក្នុងអាណត្តិដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង។ ជាមួយគ្នានេះ ក្រសួងនៅក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ក៏បានដាក់ចេញនូវយុទ្ធនាការបង្ក្រាបបានយ៉ាង មានប្រសិទ្ធភាពដោយបានឈានទៅរំដោះបានជនរងគ្រោះជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយលោកថា អំពើឆបោកតាមអនឡាញនេះ គឺជាបទល្មើសអន្តរជាតិ ដូច្នេះទាមទារឲ្យមានកិច្ចសហការជាលក្ខណៈសកល៕