ក្រោយសហការជាមួយអ្នកជំនាញមកពីអាល្លឺម៉ង់ ធ្វើតេស្តបច្ចេកទេសកីឡាករ កីឡាការិនីវ័យក្មេងទាំងហ្វឹកហាត់ និងប្រកួត ក្នុងព្រឹត្តិការណ៍ Europe Trials កាលពីពេលកន្លងទៅ នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ច្បារអំពៅ ក្នុងរាជធានីភ្នំពេញ ពេលនេះក្លិបបាល់ទាត់ Mate JR Sport Club បានបញ្ជូនសមាជិកខ្លួនចំនួន១២នាក់ទៅហ្វឹកហាត់រយៈពេល១ខែលើទឹកដីទ្វីបអឺរ៉ុប។
ស្ថាបនិក Mate JR Sport Club ម៉ាក សុទ្ធាពិសិដ្ឋ បានផ្ដល់កិច្ចសម្ភាសន៍មុនចេញដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ជាមួយនឹងកូនក្រុមខ្លួននៅរាត្រីថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ថា៖«សមាជិកពួកយើងចំនួន១២នាក់ ទទួលបានឱកាសទៅហ្វឹកហាត់នៅទីក្រុង Arnstadt ក្នុងប្រទេសអាល្លឺម៉ង់ ជាមួយក្លិប Academy Arnstadt រយៈពេល១ខែ។ តាមគម្រោងនៅទីនោះយើងមានផែនការហ្វឹកហាត់ ផង ចូលរួមប្រកួតផង និងចូលទស្សនាការប្រកួតរបស់ក្រុមអាជីព ផងដែរ»។
ជាមួយគ្នានេះដែរស្ថាបនិកក្លិប Mate JR Sport Club រំពឹងថាតាមរយៈការហ្វឹកហាត់រយៈពេល១ខែនេះនឹងធ្វើឱ្យសមត្ថភាព និងបច្ចេកទេសសមាជិកក្រុមទាំងអស់មានការកើនឡើង និងមានការអភិវឌ្ឍន៍ខ្លួនបានកាន់តែប្រសើរតាមរយៈការហ្វឹកហាត់ជាមួយគ្រូបង្វឹកជំនាញនៅអឺរ៉ុប ផ្ទាល់តែម្តង។
អ្នកស្រីផល្លា អាណាព្យាបាលរបស់កុមារា ចច រំពឹងថាកូនប្រុសរបស់ខ្លួននឹងកាន់តែរឹងមាំទាំងការហ្វឹកហាត់បាល់ទាត់ និងការរៀនរស់នៅឆ្ងាយពីក្រុមគ្រួសារ បើទោះបីជាមិនដាច់ចាស់ពីការចាកចេញរបស់កូនក្ដី។ លោកស្រីបន្តថានេះជាការធ្វើដំណើរទៅឆ្ងាយតែម្នាក់ឯងរបស់កូនប្រុស ប៉ុន្តែគេមានមិត្តរួមក្រុមរបស់គេ មានក្រុមការងារគ្រូជួយមើលការខុសត្រូវផងដែរ។ អ្នកស្រីបានសង្កេតមើលក្លិបបាល់ទាត់ជាច្រើន ដើម្បីដាក់ឱ្យកូនចូលហ្វឹកហាត់ ប៉ុន្តែពេលដាក់ចូលហ្វឹកហាត់នៅក្លិប Mate JR Sport Club ឃើញថាល្អមែន ព្រមទាំងទទួលបានឱកាសចេញទៅហ្វឹកហាត់នៅក្រៅប្រទេសទៀត។
សូមបញ្ជាក់ថាព្រឹត្តិការណ៍ Europe Trials ដែលរៀបចំឡើងនៅអំឡុងចុងខែកុម្ភៈ កន្លងទៅ មានលោក Joel Arron អ្នកជំនាញមកពីប្រទេសអាល្លឺម៉ង់ សហការជាមួយគ្រូបង្វឹកទាំងខ្មែរនិងបរទេសបានធ្វើតេស្ដកីឡាករ កីឡាការិនីវ័យក្មេងៗចន្លោះអាយុពី១០ដល់១៩ឆ្នាំជិត៣០០នាក់ រហូតចំរាញ់បាន១២នាក់តំណាងឱ្យកម្ពុជា នៅពេលនេះចេញទៅហ្វឹកហាត់នៅប្រទេសអាល្លឺម៉ង់ ជាមួយកីឡាករមកពីប្រទេសនានាជុំវិញពិភពលោក៕