តារាសម្ដែងជើងចាស់ដែលនៅតែបន្តអាជីពសម្ដែងយ៉ាងជោគជ័យលើវិថីសិល្បៈច្រើនឆ្នាំកន្លងមកនេះ បានបង្ហាញនូវចំណាប់អារម្មណ៍អណ្ដែតអណ្ដូងនិងនឹករឭកដល់រឿងរ៉ាវចាស់ៗ និងមិត្តភក្តិចាស់ៗ ក្រោយបានទៅកាន់ទីកន្លែងអនុស្សាវរីយមួយកន្លែង។
លោក ទេព រិន្ទដារ៉ូ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃដាក់បិណ្ឌទី២ បានទៅថតនៅផ្ទះមួយកន្លែងក្បែរវត្តកៀនស្វាយក្នុង ដែលទីនោះធ្លាប់ជាអតីតស្ទីតឌីយូថតកុនយ៉ាងសកម្ម ហើយលោកនិងតារាផ្សេងៗតែងតែមកទីនេះដើម្បីថតសាច់រឿង ដូច្នេះកាលដែលលោកបានមកដល់ទីតាំងនេះម្ដងទៀតធ្វើឱ្យលោកនឹកឃើញអនុស្សាវរីយ៍ទាំងឡាយ និងមិត្តភក្ដិដែលធ្លាប់ធ្វើការជាមួយគ្នា ខណៈមិត្តភក្ដិខ្លះចាស់ៗ ឯអ្នកខ្លះទៀតក៏បានលាចាកលោកនេះទៅហើយ ដោយបន្សល់ត្រឹមស្លាកស្នាមអនុស្សាវរីយ៍តែប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាការលើកឡើងរបស់តារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាពនិងល្បីល្បាញបំផុតមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជា៖
«ថ្ងៃព្រហស្បត្តិ ទី២៣ ខែកញ្ញា ឆ្នាំ២០២១. ត្រូវជាថ្ងៃដាក់បិណ្ឌទី២នៃបុណ្យភ្ជុំបិណ្ឌ ..! អស់រយះកាលជាយូរឆ្នាំមកហេីយ (១០ឆ្នាំ) ដែលខ្ញុំខានមកទីនេះ (ផ្ទះអាទិត្យវក្បែរវត្តកៀនស្វាយក្នុង) កាលពីដេីមគឺជាស្ទូតឌីយូថតកុនមួយយ៉ាងសកម្មហេីយខ្ញុំនឹងតារាផ្សេងៗជាច្រេីនតែងតែមកទីនេះដេីម្បីថតរឿង…! មកដល់ទីនេះនឹកឃេីញអនុស្សាវរីយ៌ទាំងឡាយ នឹងមិត្តភ័ក្រ្តដែលធ្លាប់ធ្វេីការជាមួយគ្នា ដែលសព្វថ្ងៃចាស់ៗ អស់ហេីយ នឹងខ្លះក៏បានលាចាកលោកទៅហេីយ នៅសល់តែស្លាកស្នាមអនុស្សាវរីយ៌តែប៉ុណ្ណោះ… ️ សូមបានសុខសប្បាយទាំងអស់គ្នា កុំភ្លេចថែសុខភាព ៣កុំ នឹង ៣ការពារ …»