កីឡាករ Bryan Bagunas ជម្រើសជាតិរបស់​ហ្វីលីពីន ដែល​ជាដៃគូដ៏ស្អិតល្មួតរបស់កីឡាករកម្ពុជា វឿន វាសនា នៅក្លិប Win Streak ក្នុងលីគ​​បាល់ទះ​​របស់តៃវ៉ាន់ គឺជាកីឡាករ​បាល់ទះតែម្នាក់គត់ នៅ​ក្នុង​តំបន់​អាស៊ាន ​ផ្ទេរទៅលេងនៅលីគបាល់ទះ​ជប៉ុន រដូវកាលនេះ។

Bryan Bagunas បាន​សម្រេច​ចុះ​កុង​ត្រា​​ចូល​រួម​ជា​មួយក្លិប Osaka Bluteon របស់​ជប៉ុន កាល​ពី​ថ្ងៃទី១៧ កញ្ញាកន្លងទៅ ដែល​មាន Super Star ឆ្វេងជប៉ុន Yuji Nishida នៅលីគបាល់ទះជប៉ុន។

សម្រាប់​កីឡាករ​បរទេស​ដែល ផ្ទេរទៅលេងនៅលីគបាល់ទះ​ជប៉ុន រដូវកាលឆ្នាំ២០២៥-២៦នេះ រួម​មាន៖ ចិន​ ១នាក់ បារាំង ១នាក់ ហ្វីលីពីន ១នាក់ គុយបា ១នាក់ ប្រេស៊ីល ១នាក់ អាហ្សង់ទីន ១នាក់ ស្លូវើនី ១នាក់ ព័រទុយហ្គាល់ ១នាក់ ប៉ូឡូញ ២នាក់ និង​អាមេរិក ២នាក់។

សូម​រំលឹក​ថា កីឡាករ Bryan Bagunas អតីត​សមាជិករបស់ក្រុមបាល់ទះ Win Streak និង​ជា​ដៃគូ​របស់​ វឿន វាសនា បានផ្លាស់ទៅចូលរួមជាមួយក្រុម Cignal HD Spikers របស់​ហ្វីលីពីន ក្នុងលក្ខខណ្ឌខ្ចីជើង កាល​ពី​ដើម​ឆ្នាំ២០២៤។

កាល​នៅហ្វីលីពីន មុន​ចូល​រួម​ជាមួយក្លិប​ Osaka Bluteon របស់​ជប៉ុន រូប​គេក៏​បានជួយឱ្យក្រុមបាល់ទះ Cignal HD Spikers ឈ្នះជើងឯក នៃពានរង្វាន់ Spikers’ Turf (2024 Open Conference) រដូវកាល ២០២៤ របស់ប្រទេសហ្វីលីពីន ព្រមទាំងជាប់ឈ្មោះជាកីឡាករឆ្នើម (MVP)។

គួរ​បញ្ជាក់ថា កីឡាករ Bryan Bagunas កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៩៧ អាយុ ២៧ឆ្នាំ និងកម្ពស់ ១.៩៥ម៉ែត្រ រូបធ្លាប់ជួយឱ្យក្រុមជម្រើសជាតិហ្វីលីពីន ឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩៕

Share.