កូនក្រមុំរបស់តារាសម្ដែងមុខកូនកាត់ New Chaipol ស្រែកដោយក្ដីរំភើបព្រោះតែស្វាមីបានអញ្ជើញតារាសម្ដែងក្នុងបេះដូងមក Surprise ក្នុងថ្ងៃពិសេស តាមដឹង New ថែមទាំងកក់ទុកពីរឆ្នាំមុនរៀបការថែមទៀតផង។
ឈានមួយជំហ៊ានទៀតសម្រាប់ New និង Mesa ព្រោះបានប្ដូរពីសង្សារមកជាស្វាមីភរិយាជាផ្លូវការ ក្រោយរៀបមង្គលការតាមប្រពៃណីទាំងថៃនិងចិនកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ដោយមានការចូលរួមអបអរសាទរនិងធ្វើជាសាក្សីគូស្នេហ៍ភក្ដីនេះ ពីសំណាក់គ្រួសារ និងមិត្តភ័ក្តិទាំងក្នុងសិល្បៈនិងក្រៅសិល្បៈ។
យោងតាមវែបសាយ Kapook កាលពីពេលថ្មីៗនេះ (២៣ តុលា ២០២១) New Chaipol បានបញ្ចេញឃ្លីបវីដេអូមួយប្រមូលផ្ដុំបរិយាកាសនៅក្នុងថ្ងៃរៀបការរបស់ខ្លួនបង្ហោះនៅលើ YouTube ចាប់តាំងពីការរៀបចំកម្មវិធីដំបូងរហូតចុងកម្មវិធី។
ក្នុងនោះបន្ទាប់ពីពិធីបំពាក់ចិញ្ចៀនភ្ជាប់ពាក្យរួច ក៏ដល់វេលាត្រូវជូនកូនកំលោះកូនក្រមុំចូលបន្ទប់ផ្សំដំណេក ដោយតាមពេលាត្រូវនៅក្នុងនោះចំនួន៩នាទី ហើយត្រូវញ៉ាំបង្អែមនំបុកម្សៅឬនំអ៊ី (បួឡយ) តាមជំនឿបុរាណ ប៉ុន្តែអ្វីដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនានិងកូនក្រមុំនោះគឺអ្នកដែលលើកបង្អែមចូលមកឱ្យកូនកំលោះនិងកូនក្រមុំ ព្រោះគ្រាន់តែឃើញមុខភ្លាម កូនក្រមុំស្រែកដោយក្ដីរំភើបភ្លាម។
កំលោះដែលមកទទួលតួនាទីជាអ្នកលើកបង្អែមគឺតារាសម្ដែងលំដាប់ជួរមុខរបស់ថៃ Nadech Kugimiya ដែលជាតារាក្នុងបេះដូង Mesa តារាសម្ដែងមុខសង្សារ New Chaipol នោះឯង។ កំលោះ New បានអញ្ជើញ Nadech តាំងតែពីពីរឆ្នាំមុន ខណៈដែលអ្នកទាំងពីរសម្ដែងរឿងជាមួយគ្នា ព្រោះដឹងថាភរិយាចូលចិត្តតារាសម្ដែងរូបនេះខ្លាំង។ ខណៈដែលឧត្តមភរិយារបស់ New ដែលជាទាយាទម្ចាស់ក្រុមហ៊ុនភេសជ្ជ: ប៉ូវកម្លាំង Carabao បានបង្ហាញចំណាប់អារម្មណ៍បែបលេងសើចថា ពេលនេះគឺជាពេលនេះមានក្ដីសុខក្នុងថ្ងៃនេះជាង មានក្ដីសុខជាងពេលបំពាក់ចិញ្ចៀនទៅទៀត៕
ក្រោយលើកបង្អែមមកឱ្យគូស្វាមីភរិយាថ្មោងថ្មីរួចតារាសម្ដែងមុខសង្ហា Nadech ក៏បានចូលរួមថតរូបជាមួយកូនកំលោះកូនក្រមុំដើម្បីជាអនុស្សាវរីយ៍ផងដែរ៕