លោក Oriol Segura គ្រូ​បង្វឹក​របស់​ក្រុម​អង្គរថាយហ្គឺរ បាន​ថ្លែងថា៖ «ការហ្វឹកហាត់របស់ក្រុមគឺដំណើរការទៅបានយ៉ាងល្អ ពួកយើងមានការរៀបចំ និង ពេលវាល្អៗជាច្រើនជាមួយគ្នាមុនការប្រកួតនេះ។ យើងបានត្រៀមកីឡាករខ្មែររបស់ យើងរួចរាល់សម្រាប់ការប្រកួតប្រជែង និងរំពឹងថាអ្វីៗនឹងធ្វើបានល្អប្រសើរ»

នេះ​ជា​ការ​លើក​ឡើង​របស់​គ្រូ​បង្វឹក​ជនជាតិ​អេស្ប៉ាញ រូប​នេះ​​មុន​ការ​ប្រកួត​ទទួល​ក្រុម​ខេត្ត​ព្រៃវែង នៅ​វេលា​ម៉ោង​៣រសៀល​ថ្ងៃ​ពុធ ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន SRU ក្នុង​ទីរួមខេត្ត​សៀមរាប នៃ​វគ្គ​ជម្រុះ​១៦ក្រុមចុងក្រោយ ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២១ នេះ។

គ្រូ​បង្វឹក​ខាង​លើ​បន្ថែម​ថា៖«នៅក្នុងបាល់ទាត់យើងមិនអាចស្មានដឹងមុននោះទេ នេះមិនមែនជាការសងសឹក រដូវកាលមុននោះទេ យើងគោរពចំពោះលទ្ធផលឆ្នាំមុន។ បើខ្ញុំនិយាយថា សងសឹក វាហាក់បីដូចជាការគិតមួយដែលមិនមែនជាអ្នកអាជីពនៅក្នុងបាល់ទាត់។ តែជាការពិត យើងមានការគោរពចំពោះលទ្ធផលកន្លងមកទល់នឹងព្រៃវែង មិនមែនតែនៅក្នុងពាន​សម្តេច​តេជោ ហ៊ុន សែន ព្រោះថាពួកគេ បានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយកាលពីរដូវកាលមុន។ ចំពោះគម្រោងដែលគេមានចំពោះកីឡាករក្នុងស្រុក គឺពិតជាមានទេព កោសល្យ វ័យក្មេងនឹងមានគុណភាព។ នេះនឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ។ ម្យ៉ាងវិញទៀតខ្ញុំរពឹងថាយើងនឹងអាចទៅកាន់ជុំបន្តបន្ទាប់ទៀត»

លោក Oriol Segura បន្ត​ថា៖«សម្រាប់អ្នកគាំទ្រ ដូចយើងបានឃើញកាលប្រកួតចុងក្រោយក្នុងលីគអញ្ចឹង នៅពេល មានពួកគេមកចូលរួមជាមួយយើង នៅពេលពួកគេបានក្លាយជាចំណែកមួយនៃក្រុម នឹងជឿជាក់លើក្រុម អ្វីៗគ្រប់យ៉ាងគឺកាន់តែមានភាពងាយស្រួលសម្រាប់យើង។ ពួកគេ (អ្នកគាំទ្រ) ដើរតួយ៉ាងសំខាន់ ជាពិសេសបានជំរុញទឹកចិត្ត និងផ្តល់ជាកម្លាំង។ ខ្ញុំសង្ឃឹមថាពួកគេនឹងចូលរួមជាមួយយើងបន្តទៀតនៅកីឡដ្ឋាន អេស អ យូ ធ្វើឲ្យក្រុមមានភាពរឹងមាំរួមគ្នា និងយកឈ្នះទៅជុំបន្ទាប់ជាមួយគ្នា»

លោកគ្រូ​បង្វឹក​ក្រុម​នៅ​ខេត្ត​សៀមរាប រូប​នេះ​បញ្ជាក់​ទៀត​ថា៖«ខ្ញុំគិតថាយើងមិនបានទទួលផលចំណេញពីការលេងត្រឹមមួយជើងឡើយ។ ជាការពិត ការលេងក្នុងទឹកដី និងក្រៅទឹកដី គឺជារឿងមយដ៏ល្អសម្រាប់ក្រុមក្នុងការនៅជិត អ្នកគាំទ្រ។ ប៉ុន្តែនៅពេលយើងលេងការប្រកួតពេញ ៩០នាទី អ្វីៗគ្រប់យ៉ាងគឺបើកចំហរ ដោយមិនមានភាគីណាមួយមានផលចំណេញជាងមួយណាឡើយ ដែលលេងដោយ ការផ្តោតអារម្មណ៏ខ្ពស់បំផុត»

សូម​បញ្ជាក់​ថា​ក្រុម​អង្គរថាយហ្គឺរ ធ្លាប់​បាន​​បរាជ័យ​ដោយ​ថ្វី​ជើង​ក្រុម​ខេត្ត​ព្រៃវែង ក្នុង​វគ្គ​១៦ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២០ កន្លង​ទៅ ដោយ​លទ្ធផល​ទាំង​២ជើង ៥ទល់៤ ហើយ​កាល​នោះ​ក្រុម​ខេត្ត​ព្រៃវែង បន្ត​ឡើង​រហូត​ដល់​​ឡើង​ដល់​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣​ប្រចាំ​ឆ្នាំ​ផង​ដែរ៕

Telegram-Troryorng

Share.