កំពង់ធំ៖ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានរៀបចំបិទផ្សាយទិន្នន័យជាសាធារណៈលើឯកសារវិនិច្ឆ័យដីធ្លីចំនួន ៣,១១០ក្បាលដី ដើម្បីឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ មុនឈានទៅចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។




ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងវត្តឧទុម្ពរ ភូមិឧទុម្ពរ ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក យូ ចាន់ឌី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ តំណាងប្រធានមន្ទីរ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុប ៦៦៧នាក់ ក្នុងនោះស្ត្រី ៤៥៩នាក់។
តាមការបញ្ជាក់ក្នុងពិធី ការបិទផ្សាយទិន្នន័យជាសាធារណៈនេះ មានរយៈពេល ១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធនឹងក្បាលដី ឈ្មោះម្ចាស់ដី ឈ្មោះប្តី ឬប្រពន្ធ ទំហំដី និងព្រំប្រទល់ដី។
ក្នុងករណីរកឃើញទិន្នន័យខុសឆ្គង ឬមានទំនាស់ពាក់ព័ន្ធនឹងព្រំប្រទល់ដី ប្រជាពលរដ្ឋអាចដាក់ពាក្យតវ៉ា ឬស្នើសុំកែតម្រូវក្នុងអំឡុងពេលបិទផ្សាយ ដើម្បីឱ្យក្រុមការងារបច្ចេកទេសពិនិត្យ និងដោះស្រាយ មុននឹងបញ្ជូនទិន្នន័យទៅថ្នាក់លើសម្រាប់ចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនជាផ្លូវការ។
ឯកសារវិនិច្ឆ័យដីធ្លីដែលត្រូវបានបិទផ្សាយនៅពេលនេះ គ្របដណ្តប់លើ ៣,១១០ក្បាលដី ស្ថិតក្នុងភូមិចំនួន ៨ នៃឃុំស្រឡៅ រួមមាន ភូមិស្នួល ភូមិទួលអំពិល ភូមិទោង ភូមិឧទុម្ពរ ភូមិទួលដំណាក់ ភូមិដំរីស្លាប់ និងភូមិគោកអណ្តែត។
ការបិទផ្សាយទិន្នន័យនេះ គឺជាដំណាក់កាលសំខាន់មួយក្នុងការធានាសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ ដោយផ្តល់ឱកាសឱ្យប្រជាពលរដ្ឋពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនឱ្យបានត្រឹមត្រូវ មុនឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ឬប្លង់រឹង៕
អត្ថបទ៖ ឈិត សំបូរ
