ឧត្តរមានជ័យ៖ មនុស្សប្រុសស្រី២នាក់ ត្រូវបានសមត្ថកិច្ចស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួន បន្ទាប់ពីសង្ស័យថាបានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ តាមការណែនាំរបស់អាជ្ញាធរខេត្ត និងបទបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់ទីតាំងសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរចំនួន២នាក់ រួមមាន បុរសឈ្មោះ ស៊ឹម សុខធា អាយុ២២ឆ្នាំ និងស្ត្រីឈ្មោះ ផាត ស្រីនីត អាយុ២២ឆ្នាំ ដែលអ្នកទាំងពីរមានទីលំនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន កុំព្យូទ័រ២គ្រឿង និងទូរស័ព្ទ iPhone 15 Pro Max ចំនួន២គ្រឿង

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នាំយកទៅសាកសួរ និងកសាងសំណុំរឿង ដើម្បីបន្តតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.