ស្ថានការណ៍សន្តិសុខនៅតំបន់ភាគខាងត្បូងនៃប្រទេសថៃ បានឈានដល់ចំណុចប្រឈមមុខដាក់គ្នា និងតានតឹងជាថ្មី បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធ និងប៉ូលិសភូមិភាគ៩ បានកៀរគរកម្លាំងទ័ព និងដាក់ចេញនូវវិធានការសន្តិសុខយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ផែនការវាយប្រហារថ្មីពីសំណាក់ក្រុមបំបែកខ្លួនប្រដាប់អាវុធ ដែលកំពុងប៉ុនប៉ងបង្កចលាចលទ្រង់ទ្រាយធំ។




យោងតាមការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍ Amarin TV នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ការប្រកាសអាសន្ន និងពង្រឹងការយាមកាមយ៉ាងរ៉ឹងប៉ឹងនេះ ធ្វើឡើងតាមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ Piyawat Chalermsri មេបញ្ជាការភូមិភាគ៩ ឱ្យគ្រប់កងឯកភាពប្រដាប់អាវុធទាំងអស់ ចូលក្នុងស្ថានភាពត្រៀមប្រយុទ្ធកម្រិតខ្ពស់បំផុត តាមដានសភាពការណ៍ កុំឱ្យដាច់ ក្រោយទទួលព័ត៌មានថា ក្រុមទាមទារឯករាជ្យកំពុងរៀបចំផែនការសម្ងាត់ ត្រៀមបើកការវាយប្រហារបន្ថែមទៀត ទៅលើគោលដៅសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងតំបន់។

ទន្ទឹមនោះ លោកមេបញ្ជាការក៏បញ្ជាឱ្យដាក់ពង្រាយកម្លាំងល្បាតបន្ថែម គ្រប់ទីកន្លែង ជាពិសេសតាមទីតាំងនៃអគាររដ្ឋាភិបាល និងសាធារណៈ ដែលជាគោលដៅចម្បងរបស់ក្រុមទាមទារឯករាជ្យព្រមទាំងបង្កើតរបាំងត្រួតពិនិត្យ និងឆែកឆេរយានយន្តយ៉ាងតឹងរ៉ឹងបំផុត ដើម្បីស្ទាក់ចាប់ការរត់ពន្ធអាវុធ និងគ្រឿងផ្ទុះ។

វិធានការក្ដៅនេះកើតឡើង បន្ទាប់ពីផ្ទុះការវាយប្រហារដោយគ្រាប់បែក ការដុតបំផ្លាញ និងអំពើហិង្សា ៧៥ករណី នៅតាមទីតាំងចំនួន ១០៨កន្លែង ក្នុងខេត្ត Narathiwat, Pattani, Songkhla និង Yala ចាប់តាំងពីចុងសប្តាហ៍មុន ដែលបានអូសបន្លាយ ៣យប់ជាប់ៗគ្នា ដោយ បានបណ្តាលឱ្យមនុស្ស ៣នាក់រងរបួស និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហាងទំនិញ 7-Eleven បណ្តាញអគ្គិសនី និងប្រព័ន្ធគមនាគមន៍ជាច្រើនកន្លែង។
ក្នុងចំណោមតំបន់រងគ្រោះ ខេត្ត Narathiwat បានក្លាយជាកន្លែងរងការវាយប្រហារធ្ងន់ធ្ងរជាងគេ ដោយមានហេតុការណ៍ផ្ទុះ និងបំផ្លាញទីតាំងនានាកើតឡើងរហូតដល់ ៤០កន្លែង រួមទាំងការផ្ទុះបំផ្លាញផ្លូវរថភ្លើង ដល់ថ្នាក់បង្ខំឱ្យអាជ្ញាធរបញ្ឈប់ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវដែកទាំងស្រុងជាបណ្តោះអាសន្ន៕
