កំពង់ឆ្នាំង៖ ដើម្បីចូលរួមពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរក្សាបរិស្ថានការងារសាធារណៈឱ្យស្អាតស្អំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ចំនួន៣១នាក់ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានធ្វើតេស្តរកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។

ការធ្វើតេស្តនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក សោម វណ្ណៈ នាយការិយាល័យ និងសហការី។

លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា លទ្ធផលតេស្តបានបង្ហាញថា មិនមានមន្ត្រីណាម្នាក់មានសារធាតុញៀនក្នុងខ្លួននោះទេ។ ការធ្វើតេស្តនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាមុខងារសាធារណៈឱ្យមានភាពស្អាតស្អំ និងប្រសិទ្ធភាព។

លោកវរសេនីយ៍ឯក សោម វណ្ណៈ បានបញ្ជាក់ថា ការធ្វើតេស្តរកសារធាតុញៀននៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានសារៈសំខាន់ក្នុងការចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ព្រមទាំងបង្កើតបរិយាកាសសង្គម និងសហគមន៍ប្រកបដោយសុខសុវត្ថិភាព៕

Share.