សមត្ថកិច្ចថៃបានចាប់ខ្លួន និងបញ្ជូនខ្លួន Influencer និងជា OnlyFans ថៃ វ័យ ៣២ ឆ្នាំម្នាក់ ទៅកាន់ដៃតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបានល្បួងក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ឱ្យថតវីដេអូរឿងកូនជ្រូក ដើម្បីលក់នៅលើបណ្តាញ OnlyFans រកប្រាក់ចំណូលបានជាង ៣ លានបាត ឬប្រហែលជិត ១០ ម៉ឺនដុល្លារ។

យោងតាមការបញ្ជាក់ពីប៉ូលិសស៊ើបអង្កេត បានឱ្យដឹងថា ជនសង្ស័យរូបនេះមានអ្នកតាមដានជាង ៣១៦ ០០០ នាក់នៅលើបណ្តាញសង្គម។ រូបគេបានធ្វើសកម្មភាពផលិត និងចែកចាយវីដេអូអាសអាភាសលើអ៊ីនធឺណិតអស់រយៈពេលជាង ៣ ឆ្នាំមកហើយ ដោយក្នុងមួយខែៗបានបង្ហោះវីដេអូប្រមាណ ៤ ឃ្លីប។ ទីតាំងដែលរូបគេប្រើប្រាស់សម្រាប់ថតសកម្មភាពទាំងនេះ គឺបន្ទប់សណ្ឋាគារមួយកន្លែងក្នុងតំបន់ Lat Phrao ទីក្រុងបាងកក។

ប្រភពដដែលបានបន្តថា ជនសង្ស័យបានបន្តសកម្មភាពខុសច្បាប់នេះរហូតដល់ថ្ងៃបែកការណ៍ និងត្រូវកម្លាំងសមត្ថកិច្ចបំបែកសំណុំរឿង ចាប់ខ្លួនបានកាលពីថ្ងៃទី៦ ខែកញ្ញា។ ក្នុងប្រតិបត្តិការឃាត់ខ្លួននោះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន រួមមាន៖ ទូរស័ព្ទដៃចំនួន ៣ គ្រឿង, សម្លៀកបំពាក់ដែលប្រើប្រាស់ក្នុងសកម្មភាពថតវីដេអូ, ក្បាលបញ្ជីធនាគារ ព្រមទាំងភស្តុតាងពាក់ព័ន្ធផ្សេងទៀតជាច្រើន។

កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់មន្ត្រីស៊ើបអង្កេត ដើម្បីបន្តនីតិវិធីចោទប្រកាន់ជាផ្លូវការនូវបទល្មើសធ្ងន់ធ្ងរចំនួន ២ ដែលមានកម្រិតទោសទណ្ឌទម្ងន់ទោសបទល្មើសជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធនឹងការផលិត និងចែកចាយសម្ភារអាសអាភាសរំលោភបំពានផ្លូវភេទលើកុមារ។ ជនល្មើសរូបនេះអាចនឹងត្រូវប្រឈមមុខនឹងទោសពន្ធនាគាររហូតដល់ជិត ២០ ឆ្នាំ និងការរឹបអូសប្រាក់ចំណូលជាង ៣ លានបាតចូលជាសម្បត្តិរដ្ឋថៃវិញ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងការជួញដូរមនុស្ស (AHTD/CIB) កំពុងពង្រីកការស៊ើបអង្កេតបន្ថែមលើទិន្នន័យក្នុងទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកដែលដកហូតបាន ដើម្បីស្វែងរកថា តើមានជនរងគ្រោះជាអនីតិជនផ្សេងទៀតដែលរងគ្រោះក្រោមស្នាដៃរូបគេដែរឬទេ?

Share.