បន្ទាយមានជ័យ៖ កម្លាំងការពារព្រំដែនខេត្តបន្ទាយមានជ័យ បានបន្តចុះល្បាត និងទប់ស្កាត់ការលួចនាំចូលទំនិញខុសច្បាប់តាមបន្ទាត់ព្រំដែន ដោយបានរកឃើញ និងចាប់បានកូនជ្រូកក្លាសេធ្វើស្រេចទម្ងន់ជាង១តោន និងទឹកដោះគោជូរចំនួន៣៨៤កញ្ចប់ ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។

តាមសមត្ថកិច្ច កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា កម្លាំងយោធាសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក បានចេញល្បាតតាមបន្ទាត់ព្រំដែន និងប្រទះឃើញកូនជ្រូកក្លាសេធ្វើស្រេចដាក់ក្នុងការ៉ុងជាច្រើន នៅខាងជើងតំបន់បឹងត្រកួនប្រមាណជាង៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក។ កូនជ្រូកក្លាសេទាំងនោះមានទម្ងន់សរុបជាង១តោន និងត្រូវបានសមត្ថកិច្ចយកទៅដុតកម្ទេចចោល ដើម្បីទប់ស្កាត់ការចរាចរ និងការចែកចាយបន្តក្នុងទីផ្សារកម្ពុជា។

ដោយឡែក នៅរសៀលថ្ងៃដដែល កម្លាំងយោធាប្រទិសស្រុកម៉ាឡៃ ក៏បានចុះល្បាតតាមបន្ទាត់ព្រំដែន និងប្រទះឃើញទំនិញដែលសង្ស័យលួចនាំចូលពីប្រទេសថៃ នៅក្បែរព្រំដែន ស្ថិតក្នុងភូមិ/ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។ ក្នុងនោះ សមត្ថកិច្ចបានរកឃើញទឹកដោះគោជូរចំនួន២ការ៉ុង ស្មើនឹង៨កេស មានចំនួនសរុប៣៨៤កញ្ចប់ ដែលត្រូវបានទុកចោលនៅតំបន់ក្បែរព្រំដែន។ ទំនិញទាំងនេះក៏ត្រូវបានយកទៅកម្ទេចចោលផងដែរ។
ការបង្ក្រាបខាងលើ ស្ថិតក្នុងសកម្មភាពរបស់កម្លាំងមានសមត្ថកិច្ច ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន និងការនាំចូលទំនិញដោយគ្មានការអនុញ្ញាត ខណៈកម្លាំងការពារព្រំដែននៅតែបន្តល្បាត និងត្រួតពិនិត្យតាមតំបន់ងាយរងហានិភ័យ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានលើកឡើងថា បទល្មើសឆ្លងដែននៅតែកើតមាន ប៉ុន្តែកម្លាំងមានសមត្ថកិច្ចនឹងបន្តយកចិត្តទុកដាក់ ទប់ស្កាត់ និងស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធនឹងការលួចនាំចូលទំនិញខុសច្បាប់ ដើម្បីចាត់ការតាមច្បាប់។
គួររំលឹកថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ សាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនលោកស្រី ជា រដ្ឋា និងបក្ខពួក៤នាក់ទៀត ពាក់ព័ន្ធនឹងករណីលួចនាំចូលត្រីប្រាជិត៧តោនពីប្រទេសថៃ ចូលមកកម្ពុជា ក្នុងភូមិសាស្ត្រភូមិចំការគោ ឃុំ/ស្រុកស្វាយចេក ហើយយកទៅស្តុកទុកសម្រាប់ចែកចាយបន្ត៕

អត្ថបទ៖ ប៉ោយប៉ែត

