សារព័ត៌មានក្នុងស្រុកឡាវបានលាតត្រដាងពីទង្វើរបស់លោកស្រី Patdarasm Thongsaluaykorn អនុអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានចេញមុខព្រមាន និងគំរាមដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរលើពលករចំណាកស្រុក និងនិយោជក ជុំវិញបញ្ហាវត្តមានពលករខុសច្បាប់មកពីប្រទេសឡាវ ប៉ុន្តែការពិតជាក់ស្ដែងនោះ ថៅកែថៃទៅវិញទេដែលជាអ្នកបានធ្វើទង្វើកេងប្រវ័ញ្ចលើពលកម្មកុមារ និងជួញដូរកម្លាំងពលកម្មមនុស្សជាច្រើននាក់។

នៅក្នុងយុទ្ធនាការចេញបម្រាម និងការគំរាមពិនិត្យទោសទណ្ឌពិន័យជាប្រាក់រហូតដល់ ១០ ម៉ឺនបាត និងការបណ្តេញចេញពីសំណាក់អាជ្ញាធរថៃ ត្រូវបានគេមើលឃើញថា គ្រាន់តែជាការសម្តែងរូបភាពទម្លាក់កំហុសទៅលើជនរងគ្រោះ និងប្រទេសជិតខាង ដើម្បីបាំងមុខកំហុសឆ្គងនៃប្រព័ន្ធគ្រប់គ្រង និងអំពើពុករលួយជម្រៅជ្រៅនៅក្នុងប្រព័ន្ធការងាររបស់ថៃតែប៉ុណ្ណោះ។

ផ្អែកតាមការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ Prachatai បានចេញផ្សាយក្នុងខែមករា ឆ្នាំ២០២៦ កន្លងមកបានបង្ហាញថា កុមារចំណាកស្រុក (រួមទាំងកុមារឡាវ) ត្រូវបានជនជាតិថៃជាអ្នកល្បួង និងនាំចូលមកប្រទេសថៃ ហើយត្រូវបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរពី ១៤ ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ ដោយមិនទទួលបានប្រាក់ឈ្នួល ថែមទាំងរងការគំរាមកំហែង និងការរំលោភបំពានផ្លូវភេទយ៉ាងព្រៃផ្សៃទៀតផង។

ទោះបីជាថៃខិតខំបង្កើតច្បាប់រឹតបន្តឹងយ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញកណ្តាល និងបណ្តាញជួញដូរមនុស្សនៅក្នុងប្រទេសថៃ នៅតែអាចនាំយកពលករខុសច្បាប់ និងកុមារឱ្យចូលមកធ្វើការក្នុងវិស័យសេវាកម្ម ដូចជា ហាងម៉ាសា ស្ប៉ា សេវាកម្មកម្សាន្ត និងការលក់ដូរតាមផ្លូវ បានយ៉ាងរលូន ដែលនេះស្តែងឱ្យឃើញពីការបើកដៃ ឬអសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ចថៃក្នុងការទប់ស្កាត់។

មួយវិញទៀត ទិន្នន័យផ្លូវការរបស់ថៃធ្លាប់បានបង្ហាញថា ចំនួនពលករចំណាកស្រុកដែលត្រូវចោទប្រកាន់ពីបទធ្វើការខុសច្បាប់ ឬធ្វើការក្នុងមុខរបរហាមឃាត់ បានកើនឡើងយ៉ាងគំហុកពី ១៧៨ ករណី ក្នុងឆ្នាំ២០២២ រហូតដល់ ៧៤៦ ករណី ក្នុងឆ្នាំ២០២៥។ ការកើនឡើងនេះ មិនមែនជាសមិទ្ធផលនៃការរៀបចំច្បាប់នោះទេ ប៉ុន្តែជាភស្តុតាងនៃការបរាជ័យក្នុងការគ្រប់គ្រងព្រំដែន និងការបង្កើតបរិស្ថានការងារដែលងាយរងគ្រោះ។

សរុបមក បើថៃមិនអាចដោះស្រាយវិបត្តិជួញដូរមនុស្ស និងពលករខុសច្បាប់បាន ហើយនៅតែបន្តមើលរំលង ឬមិនអាចលុបបំបាត់បណ្តាញជួញដូរមនុស្ស និងអំពើពុករលួយរបស់មន្ត្រី និងថៅកែនៅក្នុងស្រុកថៃទេ ច្បាស់ណាស់អ្នកទាញដែលអាចយកផលប្រយោជន៍លើឈាមពលករ និងកុមាររងគ្រោះ គឺគ្មាននរណាក៏ពីជនជាតិថៃដដែលហ្នឹង៕

Share.