ឈុនបុរី៖ សោកនាដកម្មថ្មីមួយទៀតបានកើតឡើងនៅប្រទេសថៃ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពធូររលុងនៃប្រព័ន្ធសន្តិសុខ និងបញ្ហាអំពើហិង្សា ស្របពេលដែលស្ត្រីវ័យ ៤៨ឆ្នាំម្នាក់ត្រូវបានប្ដីបាញ់សម្លាប់យ៉ាងសាហាវនៅក្នុងសាលាមត្តេយ្យមួយកន្លែង ស្ថិតក្នុងឃុំ ណងផ្លាឡៃ ស្រុកបាងឡាមុង ខេត្តឈុនបុរី កាលពីវេលាម៉ោង ១១:០០ព្រឹកថ្ងៃពុធនេះ។

ទោះបីជាកុមារតូចៗទាំង ៤៤នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព និងគ្មាននរណាម្នាក់រងរបួសរាងកាយយ៉ាងណាក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍នេះបានបន្សល់ទុកនូវវិបត្តិផ្លូវចិត្ត និងការភ័យខ្លាចយ៉ាងធ្ងន់ធ្ងរដល់កុមារដែលមិនដឹងអី។

អ្វីដែលគួរឱ្យព្រួយបារម្ភ និងរិះគន់បំផុតនោះគឺ តម្រុយដំបូងពីសមត្ថកិច្ចបានបង្ហាញថា ជនសង្ស័យដែលកាន់កាំភ្លើងចូលបាញ់ប្រហារក្នុងបរិវេណសាលារៀនយ៉ាងងាយស្រួលនោះ គឺជាប្តីរបស់ជនរងគ្រោះ ហើយថែមទាំងជាមន្ត្រីនគរបាលម្នាក់ទៀតផង។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងឡោមព័ទ្ធ និងសម្របសម្រួលឱ្យរូបគេប្រគល់ខ្លួននៅគេហដ្ឋាន។

ហេតុការណ៍នេះបានបង្កជាការរិះគន់យ៉ាងក្តៅគគុកឡើងវិញចំពោះអាជ្ញាធរថៃ ទាំងលើបញ្ហាការគ្រប់គ្រងអាវុធ និងមន្ត្រីសមត្ថកិច្ចដែលយកអាវុធរដ្ឋមកដោះស្រាយជម្លោះបុគ្គល និងទាំងលើបញ្ហាចន្លោះប្រហោងនៃប្រព័ន្ធសន្តិសុខនៅតាមគ្រឹះស្ថានសិក្សា ដែលបណ្តោយឱ្យជនប្រដាប់អាវុធអាចចូលទៅបាញ់ប្រហារដោយសេរីនៅសាលាមត្តេយ្យបានយ៉ាងងាយស្រួលដោយគ្មានការរារាំង និងមិនខ្លាចរអាច្បាប់៕

ប្រភព៖ The Thaiger

Share.