បញ្ហានៃការកកស្ទះ និងការខ្វះខាតគ្រែសម្រាប់ទទួលអ្នកជំងឺសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋកម្រិតជាតិធំៗ បានស្តែងឱ្យឃើញពីតម្រូវការផ្នែកសុខាភិបាលរបស់ប្រជាពលរដ្ឋដែលមានការកើនឡើងយ៉ាងគំហុក។ រូបភាពប្រជាពលរដ្ឋត្រូវរង់ចាំ ឬតម្រៀបគ្នានៅតាមច្រករបៀងមន្ទីរពេទ្យ ដើម្បីរង់ចាំវេនទទួលការព្យាបាល មិនត្រឹមតែជាក្តីកង្វល់ផ្ទាល់ខ្លួនរបស់គ្រួសារអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែគឺជាបញ្ហាសង្គមមួយដែលទាមទារនូវកិច្ចអន្តរាគមន៍ និងការដោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុត។ ទោះបីជាស្ថានភាពនេះមិនទាន់ឈានដល់កម្រិតវិបត្តិអាសន្នក៏ដោយ ប៉ុន្តែការចាត់វិធានការដោះស្រាយជាបន្ទាន់ និងប្រកបដោយចីរភាព គឺជាកាតព្វកិច្ចអាទិភាពដើម្បីឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់សាធារណជន។

តាមការពិនិត្យលើទិដ្ឋភាពជាក់ស្តែង មូលហេតុចម្បងដែលនាំឱ្យកើតមានបាតុភូតនេះ មិនមែនកើតចេញពីការចុះទន់ខ្សោយនៃប្រព័ន្ធសុខាភិបាលនោះទេ ប៉ុន្តែវាជាផលវិបាកដែលកើតចេញពីការកើនឡើងនៃទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសមត្ថភាពគ្រូពេទ្យ និងបច្ចេកវិទ្យាព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិ។ ការប្រមូលផ្តុំរបស់អ្នកជំងឺមកពីគ្រប់ទិសទីមកកាន់រាជធានីភ្នំពេញ បានបង្កើតជាសម្ពាធយ៉ាងធ្ងន់ធ្ងរលើមន្ទីរពេទ្យកម្រិតចុងក្រោយទាំងនេះ រហូតធ្វើឱ្យសមត្ថភាពទ្រទ្រង់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងចំនួនគ្រែព្យាបាលមិនអាចឆ្លើយតបបានទាន់ពេលវេលា។

ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់វិស័យសុខាភិបាលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបានគូសបញ្ជាក់យ៉ាងច្បាស់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដោយសម្តេចបានលើកឡើងថា ការពង្រឹងគុណភាព និងសមត្ថភាពសេវាសុខាភិបាលនៅមូលដ្ឋានថ្នាក់ក្រោមជាតិ គឺជាសោរគន្លឹះដោះស្រាយបញ្ហាកកស្ទះនៅមន្ទីរពេទ្យថ្នាក់ជាតិ។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការវិនិយោគលើមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាមបណ្តាខេត្ត ទាំងផ្នែកឧបករណ៍ សម្ភារ និងគ្រូពេទ្យឯកទេស ដើម្បីធានាថា ប្រជាពលរដ្ឋអាចទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព និងប្រសិទ្ធភាពនៅជិតផ្ទះរបស់ពួកគាត់ ដោយមិនចាំបាច់ចំណាយពេល និងថវិកាមកកាន់រាជធានីភ្នំពេញឡើយ។

ដើម្បីប្រែក្លាយបញ្ហាប្រឈមនេះឱ្យទៅជាឱកាសក្នុងការកែទម្រង់ ការដាក់ចេញនូវធាតុចូល និងដំណោះស្រាយជាយុទ្ធសាស្ត្រ គឺជាកត្តាចាំបាច់បំផុត។ ទីមួយ គឺការរៀបចំប្រព័ន្ធតម្រង់ទិស និងបញ្ជូនអ្នកជំងឺឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់ ដោយធានាថា អ្នកជំងឺដែលមានជំងឺស្រាល ឬកម្រិតមធ្យម ត្រូវបានព្យាបាលនៅថ្នាក់មូលដ្ឋាន ហើយមន្ទីរពេទ្យថ្នាក់ជាតិទទួលតែករណីធ្ងន់ធ្ងរ ឬសង្គ្រោះបន្ទាន់ប៉ុណ្ណោះ។ ទីពីរ គឺការបង្កើនល្បឿននៃការកសាង និងពង្រីកអគារព្យាបាលបន្ថែមនៅតាមមន្ទីរពេទ្យធំៗ អមដោយការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងចំនួនគ្រែ និងការកក់ការជួបពិគ្រោះជំងឺជាមុន ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ។ ទីបី គឺការបន្តបណ្តុះបណ្តាល ជ្រើសរើសមន្រ្តីផ្អែកលើកិច្ចព្រមព្រែង និងបែកចែកកម្លាំងគ្រូពេទ្យឯកទេសទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងខេត្ត ឱ្យបានកាន់តែច្រើន និងមានតុល្យភាព។

រួមសេចក្តីមក ការដោះស្រាយបញ្ហាខ្វះខាតគ្រែនៅមន្ទីរពេទ្យធំៗ មិនមែនជាការបន្ទោសបង្អាក់លើការខិតខំប្រឹងប្រែងរបស់គ្រូពេទ្យ និងអាជ្ញាធរសុខាភិបាលនោះទេ ប៉ុន្តែវាជាការរួមគ្នារករកវិធីសាស្ត្រកែលម្អប្រព័ន្ធគ្រប់គ្រង និងស្ថាប័នឱ្យកាន់តែមានភាពប៉ិនប្រសប់ និងឆ្លើយតបទាន់ពេលវេលា។ តាមរយៈការអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល រួមផ្សំជាមួយនឹងការវិនិយោគជាយុទ្ធសាស្ត្រលើវិស័យសុខាភិបាលថ្នាក់ក្រោមជាតិ ប្រព័ន្ធសុខាភិបាលកម្ពុជានឹងកាន់តែមានរឹងមាំ ធានាបាននូវសមធម៌ និងការថែទាំសុខុមាលភាពជូនប្រជាពលរដ្ឋគ្រប់រូបប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ទស្សនៈស្មេរ
ប្រសិនបើប្រិយមិត្តមានបទវិភាគ អត្ថបទទស្សនៈ ឬមតិស្ថាបនាជុំវិញបញ្ហាសង្គម និងការកែលម្អសេវាសាធារណៈ សូមផ្ញើអត្ថបទរបស់លោកអ្នកមកកាន់សារព័ត៌មាន ត្រយង តាមរយៈ Telegram៖ 099 588 880 ទំនាក់ទំនងទូរស័ព្ទ៖ 066 999 434 ឬទំព័រហ្វេសប៊ុកផ្លូវការ Troryorng News។ យើងខ្ញុំរង់ចាំទទួល និងសហការផ្សព្វផ្សាយរាល់ទស្សនៈស្ថាបនាដើម្បីសង្គមយើង!

