យោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា នេះ អតីតអ្នកនាំពាក្យកងទ័ពថៃ និងជាអតីតបវរកញ្ញាឆ្នាំ២០០០ នាង ប៊ុម ប៉ាណាត់ដា និងស្វាមី ត្រូវបានតុលាការព្រហ្មទណ្ឌថៃបានអនុម័តដីកាចាប់ខ្លួន តាមសំណើររបស់ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច។

សារព័ត៌មានដដែលនេះ បានឱ្យដឹងថា ការចេញដីកានេះធ្វើឡើងបន្ទាប់ពីប៉ូលិសរកឃើញភាពមិនប្រក្រតី ពាក់ព័ន្ធនឹងការសង្ស័យកិបកេងប្រាក់បរិច្ចាគរបស់មូលនិធិ Good Order Foundation ក្នុងទំហំទឹកប្រាក់រាប់រយលានបាត រួមទាំងបទចោទប្រកាន់ពីបទឆបោកសាធារណៈ ការលាងលុយ និងបទល្មើសបច្ចេកវិទ្យា។

ឆ្លើយតបទៅនឹងដីកាចាប់ខ្លួនរបស់តុលាការ អ្នកនាង ប៊ុម ប៉ាណាត់ដា បានចេញមុខស្នើសុំប៉ូលិសកុំឱ្យចុះទៅឃាត់ខ្លួន ឬចូលឆែកឆេរនៅឯផ្ទះរបស់នាង ព្រោះបារម្ភខ្លាចប៉ះពាល់ដល់ផ្លូវចិត្តរបស់កូនៗ ដោយនាងបានបញ្ជាក់ថា នាងស្ម័គ្រចិត្តចូលខ្លួនទៅតតាំងក្តី និងជួបនៅឯការិយាល័យមេធាវី ឬប៉ូលិសដោយផ្ទាល់៕

Share.