
មិនទាន់ទាំងដល់ថ្ងៃបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ផ្លូវការនៅរាជធានីភ្នំពេញផង រដ្ឋមន្ត្រីការបរទេសថៃ លោក សីហាស័ក្ដ ភួងកេតកែវ បានសម្តែងនូវភាពភ័យស្លន់ស្លោ និងការសង្ស័យហួសហេតុ ដោយបានប្រញាប់ប្រញាល់ចេញមុខចោទប្រកាន់ និងព្រមានកម្ពុជាជាមុនថា កម្ពុជាអាចនឹងយកវេទិកាកម្រិតពិភពលោកមួយនេះ ទៅធ្វើជាឧបករណ៍នយោបាយនិយាយអំពីរឿងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។
យោងតាមការចេញផ្សាយរបស់កាសែតល្បីក្នុងស្រុកថៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ គ្រាដែលនិយាយនៅឯវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក លោក សីហាស័ក្ដ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជាក់ថា ប្រទេសថៃនឹងបញ្ជូនគណៈប្រតិភូក្នុងឋានៈជា «អ្នកសង្កេតការណ៍» ទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍នោះលោក សីហាស័ក្ដ បានបង្ហាញនូវអាកប្បកិរិយាការពារខ្លួន និងការព្រួយបារម្ភយ៉ាងខ្លាំង ដោយលោកនិយាយបែបការពារខ្លួនថា កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាតែលើកិច្ចការងារនៃសហគមន៍ប្រើប្រាស់ភាសាបារាំងប៉ុណ្ណោះ ហើយកម្ពុជាមិនគួរយកបញ្ហាប្រឈមទ្វេភាគី ពិសេសជម្លោះព្រំដែនថៃ-កម្ពុជា មកលើកឡើងនៅក្នុងអង្គប្រជុំឡើយ ព្រោះវាស្ថិតនៅក្រៅរបៀបវារៈនៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង។
ជំហរ និងការលើកឡើងបែបសង្ស័យជ្រុលនិយមរបស់ថៃនាពេលនេះ ត្រូវគេមើលឃើញថា គឺជាយុទ្ធសាស្ត្រការទូត «ការពារខ្លួនមុន» និងជាការសម្តែងនូវក្តីបារម្ភពីភាពទន់ខ្សោយផ្នែកផ្លូវច្បាប់ និងការទូតរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ថៃហាក់កំពុងបារម្ភខ្លាចមេដឹកនាំពិភពលោក ពិសេសប្រធានាធិបតីបារាំង លោក Emmanuel Macron និងបណ្តាប្រមុខរដ្ឋ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានដឹង និងបានឃើញកាន់តែច្បាស់ពីការពិតនៃស្ថានការណ៍ព្រំដែន និងការប្តេជ្ញាចិត្តលើនីតិរដ្ឋរបស់កម្ពុជា។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ យ៉ាងអធិកអធមនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមេដឹកនាំកំពូលៗមកពីជុំវិញពិភពលោក ខណៈដែលប្រទេសថៃ គ្រាន់តែជាសមាជិកអ្នកសង្កេតការណ៍តាំងពីឆ្នាំ២០០៨ តែប៉ុណ្ណោះ ទោះបីជាភាសាបារាំងមិនមែនជាភាសាបរទេសចម្បងនៅក្នុងប្រទេសថៃក៏ដោយ៕

