ខេត្តកណ្តាល៖ ឯកអឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់សមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ស្រាវជ្រាវ និងបង្ក្រាបផលិតផលក្លែងបន្លំម៉ាក រួមទាំងផលិតផលគ្មានគុណភាព ដែលកំពុងចរាចរលើទីផ្សារ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ សំដៅការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាទំនុកចិត្តដល់អ្នកវិនិយោគទុនស្របច្បាប់។
ការថ្លែងបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីភាពរួមគ្នាជាមួយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងពិធីដុតបំផ្លាញផលិតផលក្លែងបន្លំម៉ាក និងសម្ភារពាក់ព័ន្ធប្រមាណ ៧៥០តោន នៅខេត្តកណ្តាល។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផលិតផលក្លែងក្លាយ និងគ្មានគុណភាព មិនត្រឹមតែបង្កហានិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញដល់បរិយាកាសវិនិយោគ និងប៉ះពាល់ដល់ម្ចាស់អាជីវកម្មដែលរកស៊ីស្របច្បាប់ទៀតផង។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់សមត្ថកិច្ចជំនាញ ត្រូវបន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបដល់ទីតាំងផលិត ស្តុកទុក និងចែកចាយ ក្រោមការសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ជាពិសេសថា មន្ត្រីសមត្ថកិច្ចខ្លួនឯងដាច់ខាតមិនត្រូវមានការពាក់ព័ន្ធជាមួយបទល្មើសផលិតផលក្លែងក្លាយទាំងនេះឡើយ ហើយប្រសិនបើរករកឃើញ នឹងត្រូវចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងមាត់បំផុត។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការស្រាវជ្រាវ និងបង្ក្រាបបទល្មើសទាំងនេះនាពេលកន្លងមក។
សូមបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផលិតផលក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលត្រូវបាននាំយកមកដុតបំផ្លាញនាពេលនេះ គឺជាផលផលដែលនៅសេសសល់ និងបង្ក្រាបបានបន្ថែមនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដែលមានទម្ងន់សរុបប្រមាណ ៧៥០តោន៕




