មហាជនអ្នកគាំទ្រប្រាកដស្គាល់ច្បាស់ ប្រសិនបើនិយាយដល់តួឯកប្រុសក្នុងរឿង «ជញ្ជីងជីវិត» ដែលមានសម្បុរស រាងខ្ពស់ស្រឡះ មានសមត្ថភាពបង្ហាញម៉ូដនិងមានទេពកោសល្យនៃការសម្ដែងនោះគឺ លោក មុំ សុទ្ធារ៉ា។ លោកបានចាប់ផ្ដើមអាជីពសិល្បៈតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ និងក្ដោបតំណែងជាតួឯកប្រុសសឺងតែគ្រប់រឿងតែម្ដង។
ផ្ដល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយអ្នកសារព័ត៌មានត្រយង លោក មុំ សុទ្ធារ៉ា ក៏បានបើកកាយពីអតីតកាលពេលចាប់ផ្ដើមប្រឡូកក្នុងអាជីពសម្ដែងភាពយន្ដជាលើកដំបូង ដោយរៀបរាប់ថា ក៏មិនសូវខុសឆ្ងាយពីសិល្បករដទៃទៀតប៉ុន្មានដែរ លោកចូលប្រឡូកសិល្បៈដោយក្ដីស្រឡាញ់ ហើយរហូតមកទល់ពេលនេះគឺលោកបានប្រឡូកការសម្ដែងបានគ្រប់តួអង្គអស់ទៅហើយ។ លោកថា ពេលចូលសិល្បៈដំបូងៗ អ្នកដឹកនាំរឿងតម្រូវឱ្យលោកសម្ដែងជាតួអង្គស្លូតសម្រក់ទឹកភ្នែក នៅពេលនេះលោកធ្វើមិនបានទេ ពោលគឺយ៉ាងណាក៏មិនចេញទឹកភ្នែកឡើយ ព្រោះលោកគិតថា នៅសុខៗមិនដែលទឹកភ្នែកឯណាហូរមកឯងៗនោះទេ ក៏ប៉ុន្ដែលោកព្យាយាមស្ដាប់តាមការណែនាំរបស់អ្នកដឹកនាំរឿង ហើយទីបំផុតលោកធ្វើបានសម្រេច។
តាំងពីបោះជំហ៊ានយ៉ាងរលូននៅលើវិថីសម្ដែងមួយនេះ លោកថា លោកស្រឡាញ់ការសម្ដែងជាតួក្រម៉េចក្រមើមជាងគេ ដោយសារតែជាចរិតតួនេះ គឺត្រូវនឹងចរិតពិតរបស់លោកនៅខាងក្រៅ នោះក៏ព្រោះតែលោកចូលចិត្តលេងសើចធ្វើឱ្យអ្នកនៅជុំវិញខ្លួនសប្បាយរីករាយផងដែរ។ តារាប្រុសសង្ហារូបនេះ ក៏បាននិយាយបន្ថែមដែរថា កន្លងមកលោកធ្លាប់បានសម្ដែងជាមួយតារាស្រីស្អាតជាច្រើននាក់មកហើយ និងសុទ្ធតែជាតារាស្រីដែលមានបទពិសោធន៍សម្ដែង តែមានតារាស្រីម្នាក់ដែលធ្វើឱ្យលោកចងចាំក្នុងចិត្ត និងមិនភ្លេចមុខនាងបានរហូត។ តើនាងជាអ្នកណា?
គេនៅចាំបានថា លោក មុំ សុទ្ធារ៉ា ធ្លាប់បានធ្វើឱ្យអ្នកគាំទ្រចងចាំមិនភ្លេចពីការសម្ដែងរបស់លោក ជាមួយនិងតារាស្រី រចនា រ៉ាវ៉ាឌី តាមរយៈរឿងភាគទូរទស្សន៍ប៉ុស្ដិ៍លេខ៥ គឺរឿង «ជញ្ជីងជីវិត»។ ក្នុងការផ្ដល់បទសម្ភាសន៍បន្ដទៀត លោក មុំ សុទ្ធារ៉ា បានសារភាពប្រាប់ថា តួស្រីដែលលោកចាំមិនភ្លេចមុខនោះគឺកញ្ញា រចនា រ៉ាវ៉ាឌី ។ នោះក៏ព្រោះតែ នៅពេលចាប់ដៃគូសម្ដែងជាមួយគ្នាជាលើកដំបូង លោកថា កញ្ញា រចនា មានវ័យក្មេងមែនទែន ក៏ប៉ុន្ដែកញ្ញាបានព្យាយាមស្ដាប់រាល់ការពន្យល់ពីទិចនិកក្នុងសម្ដែងដែលលោកបានចែករំលែក។ មិនត្រឹមស្ដាប់តាមអ្វីដែលលោកបានប្រាប់នោះទេ តែកញ្ញា រចនា ក៏បានព្យាយាមធ្វើតាម ហើយបានល្អថែមទៀត។ នេះជាហេតុផលមួយដែលធ្វើឱ្យលោកសម្លឹងឃើញថា កញ្ញា រចនា ជាក្មេងស្រីម្នាក់ដែលមានការតស៊ូ និងចិត្តស្រឡាញ់សិល្បៈពិតប្រាកដ ដូចគ្រាដែលលោកបានចូលសិល្បៈដំបូងដែរ។
លោក មុំ សុទ្ធារ៉ា បានសង្កត់ធ្ងន់ថា អារម្មណ៍របស់លោកបានដក់ជាប់ជាមួយការសមត្ថភាពសម្ដែងរបស់កញ្ញា រចនា រ៉ាវ៉ាឌី ខ្លាំងណាស់ ហើយលោកសង្ឃឹមថា ថ្ងៃណាមួយលោកនឹងបានសម្ដែងរឿងថ្មីរួមគ្នាជាមួយកញ្ញា។ យ៉ាងណាក្ដីតារាទាំងពីរដួងធ្លាប់បានសម្ដែង២រឿងមកហើយជាមួយគ្នា ហើយជាដៃគូសម្ដែងដែលធ្វើឱ្យអ្នកគាំទ្រស្រឡាញ់ពេញចិត្តខ្លាំងជាទីបំផុត។ លោកថា ក្រៅពីក្នុងរង្វង់សិល្បៈហើយនោះ នៅក្រៅសិល្បៈ លោកក៏មានទំនាក់ទំនងល្អជាមួយកញ្ញា រចនា រ៉ាវ៉ាឌី ផងដែរ៕