សិល្បៈជាតិ៖ ​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ កើត​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​១៩៤៤ នៅ​ភូមិ​ដូង ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ លុះ​ចម្រើន​វ័យ​បាន​៤​ឆ្នាំ កុមារ​គង់ ណៃ ត្រូវ​ពិការភ្នែក​មើលលែងឃើញ​ដោយសារ​ជំងឺ​អុតធំ​។ ក្នុង​វ័យ​១៣​ឆ្នាំ លោក​ចាប់ផ្តើម​រៀន​វិជ្ជា​ចាប៉ីដងវែង​ពី​ឪពុកមា នាម​គង់ ទិត​។ ពីរ​ឆ្នាំ​ក្រោយមក នា​ឆ្នាំ​១៩៥៩ កុមារ​គង់ ណៃ បានចេញ​សម្តែង​ជា​លើកដំបូង​នៅក្នុង​កម្មវិធី​បុណ្យ​ប្រចាំ​ភូមិ ហើយ​ចាប់តាំងពី​ពេល​នោះមក លោក​ក៏​ក្លាយជា​អ្នកចម្រៀង​ចាប៉ី​ប្រចាំ​ភូមិ​។

ក្នុងរយៈពេលពីរឆ្នាំនៃការចាប់ផ្តើមសិក្សាចាប៉ី គឺគ្រាដែលលោកមាន អាយុដប់ប្រាំគត់ គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកេរ្តិ៍ឈ្មោះរបស់លោកបានរីកចម្រើនយ៉ាងឆាប់រហ័សហើយមិនយូរប៉ុន្មានគាត់បានទទួលឈ្មោះហៅក្រៅថា សង្ហា ណៃ។ ចំពោះការសម្ដែងផ្សេងៗ ជានិច្ចកាល គង់ ណៃ សម្ដែងកំណាព្យបុរាណដូចជាកំណាព្យរបស់ ភីរម្យង៉ុយ ជាដើម។

​នៅក្នុង​វ័យ​១៨​ឆ្នាំ លោក​គង់ ណៃ បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​អ្នកស្រី​តាត ឆេន ដែល​កាលនោះ​មាន​អាយុ​២០​ឆ្នាំ ជា​អ្នកស្រុក​ជាមួយគ្នា ប៉ុន្តែ ខុស​ត្រង់​ភរិយា​របស់គាត់​រស់នៅ​ភូមិ​ស្វាយ​ទង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​ អំឡុង​ឆ្នាំ​១៩៧៥ លោក​ត្រូវ​អង្គការ​ខ្មែរក្រហម ចាត់តាំង​​ឱ្យច្រៀង​ឃោសនា​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូតដល់​ឆ្នាំ​១៩៧៧ លោក​ត្រូវបាន​ផ្លាស់​ឲ្យទៅ​វាយជ​ក់​ត្នោត​នៅ​ភូមិ​វិញ​។ លោក​បាន​រួច​រស់​ជីវិត​ដោយ​ប្រផុតប្រផើយ​ពី​របប​វាលពិឃាដ​ខ្មែរក្រហម​។ ឆ្នាំ​១៩៧៩ លោក​បានរស់នៅ​ស្រុកកំណើត​ធ្វើ​ស្រែចំការ និង​ចាប់​អាជីព​ជា​សិល្បករ​ចាប៉ី​ឡើងវិញ​។

ក្នុងឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។

ក្នុងឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំងនឹងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។ នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។

នៅឆ្នាំ ២០០១លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។ ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

នៅឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាលនិងឆ្នាំ ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថាកោសល្យវោហារ គង់ណៃ។

នៅឆ្នាំ ២០១៧ លោកទទួលបាន​ពាន​រង្វាន់​សិល្បៈ​និង​វប្បធម៌​ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ​១៩៩០ នៅ​ទីក្រុង​ហ្វូគុអុ​កាប្រទេស​ជប៉ុន សម្រាប់​ផ្តល់​ជូន​បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​តំបន់​អាស៊ី ពាក់ព័ន្ធ​ផ្នែក អប់រំ សិល្បៈ និង​វប្បធម៌​។ ហើយ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ គឺ​ជា​បុគ្គល​ទី​៣​របស់កម្ពុជា ដែល​បាន​ទទួល​ពាន​រង្វាន់​នេះ បន្ទាប់​ពី លោក ឆេង ផុន និង លោក អាំង ជូលាន​។

ពេលវេលាកាន់តែទៅមុខ ចំណែកឯវ័យរបស់ ព្រឹទ្ធាចារ្យសិល្បៈ កោសល្យវោហារ គង់ ណៃ ក៏កាន់តែជ្រេបនិ្តចម្តងៗ។ ប៉ុន្តែការលះបង់យ៉ាងធំធេងរបស់លោកចំពោះវិស័យសិល្បៈវប្បធម៌នៅកម្ពុជាបានបន្សល់ទុកនូវកេរដំណែល និងស្នាដៃតជំនាន់។ លោកពិតជាបានផ្តល់នូវការចងចាំដែលដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាអំពីទេពកោសល្យដ៏អស្ចារ្យរបស់លោក ព្រមទាំងបានពាំនាំនូវអត្ថន័យ គុណតម្លៃ និងភាពសម្បូរបែបនៃសិល្បៈតន្ត្រីរបស់បុព្វបុរសខ្មែរដែលបានបន្សល់ឱ្យកូនចៅជំនាន់ក្រោយយ៉ាងច្រើនក្រាស់ក្រែលរហូតមក ដល់ពេលបច្ចុប្បន្ននេះ។

សូមជម្រាបថា ព្រឹទ្ធាសិល្បៈកោសល្យវោហារ គង់ ណៃ បានអនិច្ចកម្មនៅថ្ងៃទី២៨ ខែមិថុនានេះ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។ លោកត្រូវបានចងចាំជាព្រឹទ្ធាចារ្យកោសល្យវោហារនៅក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូបរហូតទៅ៕

https://troryorng.com/
Share.