សិល្បៈជាតិ៖ តើនេះជាលើកចុងក្រោយមែនទេ ? សម្រាប់កូនស្រីត្រកូលហង្សវិញ កញ្ញា ហង្ស សូរីយ៉ាន់ ដែលបានសម្រេចចិត្តម្ដងទៀតតាមបំណងហ្វេនក្នុងដាក់ពាក្យចូលមកប្រកួត Miss Universe Cambodia ឆ្នាំ2024 ម្ដងទៀតយ៉ាងគួរឱ្យភ្ញាក់ផ្អើល។

កញ្ញា ហង្ស សូរីយ៉ាន់ ត្រូវបានប្រកាសដោយ MUC ២០២៤ ថា ជាសុភាពស្ត្រីមួយរូបដែលពោរពេញទៅដោយថាមពល និងភាពជឿជាក់ សុរិយ៉ាន់មិនដែលបោះបង់នូវអ្វីដែលនាងមានក្ដីរំពឹងឡើយ។ ក្រោយទទួលតំណែងជាបេក្ខនារីលំដាប់កំពូលទាំង៤នៃកម្មវិធី Cambodia’s Next Top Model សុរិយ៉ាន់បានចាប់ឱកាសក្នុងវិស័យបង្ហាញ និងកញ្ញាឯកយ៉ាងសស្រាក់សស្រាំ និងអភិវឌ្ឍខ្លួនកាន់តែអស្ចារ្យ ហើយតែងតែត្រលប់មកដើម្បីបំពេញក្ដីស្រមៃដែលមិនទាន់សម្រេចរបស់នាង។ ភាពជាអ្នកដឹកនាំ ជាគុណតម្លៃដែលនាងរំពឹងទុកថា នឹងអាចនាំនាងឈានទៅគ្រងមកុដកញ្ញាឯកចក្កវាឡកម្ពុជាបាន!។

គួររំលឹកដែរថា បេក្ខនារីរូបនេះ ធ្លាប់អតីតបេក្ខភាពកម្មវិធីបង្ហាញម៉ូដលំដាប់ថ្នាក់ពិភពលោក Cambodia Next Top Model និងដកខ្លួនចេញពីវិស័យប្រកួតសម្រស់នេះយូរឆ្នាំតែម្ដង។ ដោយមានការទទូចខ្លាំងពេកពីហ្វេនអ្នកគាំទ្រ សូរិយ៉ាន់ បានហោះត្រឡប់ពីប្រទេសអូស្ដ្រាលីមកចូលរួមប្រកួតក្នុងកម្មវិធី Miss Universe Cambodia 2022 ទទួលបានជ័យលាភីTop១០។ ក្រោយមកកញ្ញាក៏បានចូលរួមបន្តការប្រកួតក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ ២០២២ ទទួលបានតំណែងលំដាប់រងទី ១។ ចប់ការប្រកួតកញ្ញាក៏ទទួលបានឱកាសតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Earth 2022 ប៉ុន្តែកញ្ញាបានបោះបង់ឱកាសនោះវិញដោយមានបញ្ហា សុខភាព ដែលធ្វើឱ្យកញ្ញាមិនអាចទៅចូលរួមប្រកួតបាន៕

Share.