គេនៅតែឃើញតារាសម្ដែងស្រី ឈិន មុន្នីនាថ និងកំឡោះសង្ហាពូកែកំប្លុកកំប្លែង នាយ ព្រែក បង្ហាញភាពសិទ្នស្នាលជាមួយគ្នាជាហូរហែរមិនថានៅបណ្តាញសង្គមហ្វេសប៊ុក អ៊ីនស្ត្រាក្រាម និងវីដេអូក្នុងកម្មវិធី Tik Tok ផ្លូវការរបស់អ្នកទាំងពីរ។ ជាក់ស្តែងរយៈពេលចុងក្រោយនេះ ភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរហាក់កាន់តែខ្លាំងឡើងគួរឱ្យកត់សម្គាល់មានរូបភាពគូ រូបភាពផ្អែមល្ហែម រូបបណ្ដើរគ្នាទៅញ៉ាំអីយ៉ាងត្រសងតែម្ដង។
នាយ ព្រែក ធ្លាប់អះអាងថា សម្រាប់ទំនាក់ទំនងលោកនិងកញ្ញា ឈិន មុន្នីនាថ សព្វថ្ងៃនេះបើទោះបីជាប្រាប់មហាជនថា លោកនិងកញ្ញាគ្រាន់តែជិតស្និទ្ធគ្នាក៏គ្មានអ្នកណាជឿដែរ បើទោះបីជាប្រាប់ថាស្រឡាញ់គ្នាក៏គ្មានអ្នកណាជឿដែរ ។ អីចឹងហើយ រឿងស្នេហាទុកឱ្យមហាជនជាអ្នកដាក់ពិន្ទុរ ហ្វេនអ្នកគាំទ្រធ្លាប់បាននិយាយថា កញ្ញា ឈិន មុន្នីនាថ មានរូបសម្រស់ស្រស់ស្អាតខ្លាំង ប្រហែលមិនអាចងាកមកចាប់អារម្មណ៍សម្លឹងមើលបុរសមិនមានរូបរាងសង្ហាដូចលោកយកជាគូអនាគតនោះទេ។
តែទោះជាយ៉ាងណាក៏ដោយ គេឧស្សាហ៍ឃើញអ្នកទាំងពីរបង្ហាញការចូលចិត្តដូចគ្នា សូម្បីតែរបស់ប្រើប្រាស់ដូចជា អាវ ព័ណ៌ នាឡិកាដៃ របស់អ្នកទាំងពីរក៏ត្រូវអ្នកគាំទ្រកត់សម្គាល់ថា ដូចគ្នាស្ទើរបេះបិទតែម្តង។ រហូតដល់ថ្ងៃឆ្លងឆ្នាំសកល២០២២ននេះ នាយ ព្រែក ក៏បានបណ្ដើរកញ្ញា ឈិន មុន្នីនាថ ឡើងលើឆាកប្រគំតន្ត្រីជាមួយគ្នាទៀតផងដែរ។ នាយព្រែក ធ្លាប់អះអាងថា សព្វថ្ងៃនេះអ្នកទាំងពីរកំពុងតែមានការងារថ្មីជាមួយគ្នានៅក្នុងដៃ ហើយអាចនិយាយថា អ្នកទាំងពីរក៏កំពុងមើលចិត្តគ្នាលើសពីមិត្តបានមួយកម្រិតហើយ៕