ពិតជាបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែន នៅពេលដែលតារាសម្ដែងឯកប្រុសលោក ជា លាងឈែ ប្រកាសខ្លួនបើកទំព័រសម្ដែងបែបថ្មីមិនធ្លាប់មានពីមុនមក គឺរឿងបែប BL ដែលនិយាយពីស្នេហាប្រុសនិងប្រុស។ ព្រោះថា កន្លងមកតារាឯកប្រុសរូបនេះ ធ្លាប់តែបានចាប់ដៃគូសម្ដែងជាមួយតារាស្រីស្អាតតែប៉ុណ្ណោះ ចំណីអារម្មណ៍ថ្មីនេះ ហាក់ថ្មីសន្លាងបន្តិច តែលោកអះអាងថា លោកមិនស្ទាក់ស្ទើរក្នុងការសម្ដែងតួបែបនេះឡើយ ណាមួយទៀត ក៏ជាការបើកទំព័រសម្ដែងបែបថ្មីរបស់លោកតែម្ដង។
លោក ជា លាងឈែ បានលេចមុខសម្ដែងក្នុងភាពយន្ដខ្លីមួយមានចំណងជើងថា «ព្រះច័ន្ទញញឹម» ដែលចាប់ដៃគូសម្ដែងជាមួយតួប្រុសលោក ឌី វណ្ណថៃ ដឹកនាំសម្ដែងភាពយន្ដនេះដោយលោក ស៊ាន សិទ្ធីគុន (Kun FotoCity)។ ភាពយន្ដត្រូវបានដកស្រង់ចេញពីសាច់រឿងពិត និងបានរំលេចពីអតីតកាលនៅវ័យកុមារភាពរបស់តួអង្គទាំងពីរផងដែរ។ មិនតែប៉ុណ្ណោះ ក្រៅពីបញ្ចេញឈុតឆាកស្នេហាហើយនោះ ភាពយន្ដនេះក៏បានផ្ដល់តម្លៃអប់រំទៅកាន់មហាជនអ្នកទស្សនា ឱ្យកាន់តែយល់ច្បាស់ និងស៊ីជម្រៅពីអារម្មណ៍ធម្មជាតិនៃក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ហើយលុបបំបាត់នូវការរើសអើងផងដែរ។
ឆ្លើយប្រាប់សារព័ត៌មានត្រយង លោក ជា លាងឈែ អះអាងថា មូលហេតុដែលលោកសម្រេចចិត្តសម្ដែងភាពយន្ដនេះ ក៏ដោយសារតែជាសាច់រឿងដែលដកស្រង់ចេញពីរឿងពិត និងមានតម្លៃអប់រំច្រើនទៅកាន់មហាជន។ លោកសម្ដែងជាតួឯកប្រុស ដែលមានចរិតលក្ខណៈជាតួប្រុសពេញលេញ។ លោកថា រឿងនេះ ក៏ជារឿងដែលលោកចង់បង្ហាញទៅកាន់ផលិតករ ឬអ្នកដឹកនាំរឿងផ្សេងទៀតឱ្យបានដឹងថា លោកមិនស្ទាក់ស្ទើរក្នុងការសម្ដែងរឿងបែបBLទេ តែលោកថា លោកក៏សុំពិនិត្យពីសាច់រឿងមុនសម្ដែងដែរ។
លោក ជា លាងឈែ បានបញ្ជាក់ទៀតថា តាមរយៈការសម្ដែងរឿងបែបBLនេះ លោកមិនខ្លាចនឹងបាត់បង់ប្រជាប្រិយភាពជាងមុននោះទេ ព្រោះលោកយល់ឃើញថា សម័យថ្មីនេះហើយរឿងបែប BLគឺជារឿងធម្មតាទៅហើយ ហើយក៏មិនមានការរើសអើងដូចមុនទេ សូម្បីតែនារីៗសម័យនេះក៏ក្លាយជាហ្វេនរបស់រឿង BL ផងដែរ៕
ទស្សនាវីដេអូឈុតខ្លះពីក្នុងរឿង៖