កូរ៉េខាងត្បូង – នៅពេលដែលទាំងសារព័ត៌មាននិងអ្នកគាំទ្រជឿថា Park Min Young និងដៃគូសម្ដែងលោក Park Seo Joon មានស្នេហានឹងគ្នា ប៉ុន្តែតារាសម្ដែងស្រីខាងលើបានចេញមកបដិសេធនិងច្រានចោលរឿងនេះទាំងស្រុង។
កាលពីពេលថ្មីៗនេះសារព័ត៌មាន Insight បានផ្សាយពីបទសម្ភាសន៍របស់ Park Min Young ដោយក្នុងនោះស្រីស្រស់រូបនេះបានបើកបេះដូងនិយាយដល់ពាក្យចចាមអារ៉ាមជាច្រើនពិសេសគឺទំនាក់ទំនងពិសេសរវាងខ្លួននិង Park Seo Joon។ តារាទាំងពីរដួងបានសម្ដែងជាគូស្នេហ៍នឹងគ្នាកាលពីឆ្នាំ២០១៨ ក្នុងរឿង «What’s Wrong With Secretary Kim» ដែលជាភាពយន្តកូរ៉េល្បីនិងជោគជ័យបំផុតមួយ ក្រោយរឿងនេះចប់រយៈពេល ៤ឆ្នាំហើយ ដែលកញ្ញារងនូវព័ត៌មានអាស្រូវស្នេហាថាបានលួចទាក់ទងតួប្រុសដោយសម្ងាត់។
នៅក្នុងបទសម្ភាសន៍នោះស្រីតូចច្រឡឹងរូបនេះបានបដិសេធយ៉ាងដាច់អហង្ការពីទំនាក់ទំនងស្នេហារវាងខ្លួននិង Park Seo Joon ដោយកញ្ញាបានលើកឡើងថាពិតជាអរគុណខ្លាំងចំពោះការគាំទ្រតួអង្គដែលកញ្ញាបានសម្ដែង ប៉ុន្តែរវាងកញ្ញានិងដៃគូសម្ដែងរឿងនោះគ្រាន់តែជាមិត្តធម្មតាប៉ុណ្ណោះក្នុងជីវិត មួយវិញទៀតកញ្ញាសង្ឃឹមថាពាក្យចចាមអារ៉ាមទាំងនេះនឹងឈប់មានតទៅទៀត។
កញ្ញា បានទទួលស្គាល់ថាខ្លួនធ្លាប់មានទំនាក់ទំនងលួចលាក់ប៉ុន្តែជាមួយនឹង Park Min Young ទេ «ខ្ញុំធ្លាប់មានស្នេហាលួចលាក់មែន ប៉ុន្តែមិនមែនជាមួយនឹងតួប្រុស Park Soe Joon ទេ ហើយពួកយើងក៏មិនដែលទៅដើរលេងនៅក្រៅប្រទេសដែរ។ បើសិនជាយើងលួចស្រលាញ់គ្នារឿងអីខ្ញុំទៅផុស Online ខ្ញុំច្បាស់ជាមិនបន្សល់ស្លាកស្នាមទេ។»
Park Min Young បានបន្ថែមទៀតថា កញ្ញាពិតជាហត់ហើយខ្លាំងណាស់ចំពោះរឿងយល់ច្រឡំដែលផ្សាយថាកញ្ញាទាក់ទង Park Seo Joon ដោយគ្រាន់តែសំអាងលើកញ្ញាបានទៅកន្លែងណាមួយឬប្រើប្រាស់ ហ្វេសសិនជារបស់ប្រើប្រាស់ស្រដៀងគ្នា។
តួឯកស្រីដ៏ល្បីរូបនេះបានពន្យល់ទៀតថាភស្តុតាងទាំងនោះគឺអ្នកសារព័ត៌មាននិងហ្វេនបង្កើតឡើង ប៉ុន្តែសាធារណជននៅតែជឿ។ កញ្ញាបានប្រាប់ដែរថាកញ្ញាគ្មានចេតនាប្រើប្រាស់ស្បែកជើង មួក ឬរបស់ប្រើប្រាស់ផ្សេងៗដូចគ្នានឹង Park Seo Joon នោះទេ។ រឿងដែលធ្វើឱ្យកញ្ញាក្ដៅក្រហាយខ្លាំងនោះគឺរឿងដែលកញ្ញាចាំបាច់ត្រូវពន្យល់រឿងនេះដដែលជាដដែល។
តារាស្រីរូបនេះថែមទាំងនិយាយដែរថាម្ដាយរបស់កញ្ញាស្ទើរតែចេញមកផុស Pass Sport ជាសាធារណៈដើម្បីបញ្ជាក់ថាកូនស្រីទៅលេងក្រៅប្រទេសជាមួយនឹងខ្លួន មិនមែនទៅដើរលេងជាមួយនឹង Park Seo Joon ដូចព័ត៌មានផ្សាយនោះឡើយ។
ក្រៅពីក្ដៅក្រហាយដោយសារតែព័ត៌មានស្នេហារបស់ខ្លួនជាមួយនឹងអតីតដៃគូសម្ដែងខាងលើហើយនោះ កញ្ញា Park Min Young ថែមទាំងមិនសប្បាយចិត្តជាខ្លាំងព្រោះតែរឿងនេះបានជះឥទ្ធិពលដល់ការខិតខំប្រឹងប្រែងសម្ដែងរបស់ខ្លួន ក៏ដូចជាក្រុមការងារថតរឿង «What’s Wrong with Secretary Kim» ត្រូវបានមើលរំលង៕
ប្រភព៖ KBIzoom