ប្រធានាធិបតីអាមេរិក លោក Joe Biden បានស្នើឲ្យសភាផ្អាកការយកពន្ធប្រេងឥន្ទនៈរយៈពេល ៣ខែ ដើម្បីកាត់បន្ថយតម្លៃប្រេងឡើងថ្លៃ។
លោក Biden បាននិយាយថា លោកកំពុងអំពាវនាវឲ្យសភាផ្អាកការយកពន្ធ អំឡុងពេលធ្វើដំណើរនារដូវក្ដៅរហូតដល់ចុងខែ កញ្ញា។ លោកថា ការបញ្ចុះតម្លៃឧស្ម័ននឹងផ្ដល់ការធូរស្រាលខ្លះសម្រាប់ការចំណាយដល់ក្រុមគ្រួសារអាមេរិកមួយចំនួន។
តម្លៃប្រេងសាំងនៅក្នុងខែនេះ គឺខ្ពស់ជាង ៦០% កាលពីឆ្នាំមុន ដែលជាតម្លៃខ្ពស់បំផុតក្នុងកំណត់ត្រា។ ខណៈពន្ធឧស្ម័នហ្គាសបច្ចុប្បន្នគឺប្រហែល ១៨សេន ក្នុង ១ហ្គាឡុង។
អត្រាអ្នកគាំទ្រលោក Biden បានធ្លាក់ចុះក្នុងកម្រិតទាបបំផុតចាប់តាំងពីលោកចូលកាន់តំណែង ដោយជាក់ស្ដែងលោកសង្ឃឹមថា នឹងទទួលបានការគាំទ្រមកវិញដោយធ្វើសកម្មភាពដើម្បីសម្រាលបន្ទុកលើអ្នកប្រើប្រាស់។
ទោះបីជាមានចំណាត់ការសម្រាលបន្ទុកយ៉ាងណាក្ដី គណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យខ្លះនៅមានចម្ងល់ចំពោះផែនការនេះ ហើយអ្នកខ្លះនិយាយថា វានឹងកាត់បន្ថយប្រាក់ចំណូលថែទាំផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាដើម៕