កីឡាករប្រដាល់ Nguyễn Trần Duy Nhất ដែលអ្នកគាំទ្រដាក់រហស្សនាមថាជា «ប៊ូខាវវៀតណាម» ដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡា World Games 2022 នៅសហរដ្ឋអាមេរិក ក្នុងប្រភេទកីឡា Muaythai វិញ្ញាសាFeatherweight បុរសទម្ងន់ក្រោម៥៧គីឡូក្រាម ខណៈកាលពី២២ថ្ងៃមុនរូបគេបានប្រកួតចាញ់កីឡាករ ឃឹម បូរ៉ា របស់កម្ពុជា ក្នុងជំនួបនៅខេត្តស្វាយរៀង របស់ស្ថានីយទូរទស្សន៍ Town។
យ៉ាងហោចណាស់មានប្រទេសអាស៊ានចំនួន៤ បានកំដរក្បាច់គុណប្រដាល់ Muaythai ចេញពីប្រទេសថៃ ទៅបង្ហាញខ្លួនលើកទី២ ក្នុងព្រឹត្តិការណ៍កីឡា World Games 2022 នៅសហរដ្ឋអាមេរិក ដែលមាន១២ វិញ្ញាសា (បុរស៦វិញ្ញាសា នារី៦វិញ្ញសា)។ ប្រទេសចំនួន៥ បើបូកជាមួយថៃ បានបញ្ជូនអត្តពលិករបស់ខ្លួនទៅប្រកួតមានដូចជា ម៉ាឡេស៊ី ២នាក់, ហ្វីលីពីន ២នាក់, សឹង្ហបុរី ១នាក់ វៀតណាម ២នាក់ និងថៃ ៥នាក់។
ក្នុងចំណោម១២វិញ្ញាសាក្នុងកីឡា Muaythai រកឃើញម្ចាស់មេដាយ១០វិញ្ញាសាហើយ ដោយក្នុងនោះមេដាយមាសបានទៅអ៊ុយក្រែន ២គ្រឿង, ថៃ ២ គ្រឿង, អាមេរិក,អូស្រ្តាលី, ចក្រភពអង់គ្លេស,អ៊ីតាលី,ស្លូវ៉ាគី, វៀតណាម ម្នាក់១គ្រឿង។
កីឡា Muaythai ត្រូវបានគណៈកម្មការប្រកួតកីឡា World Games ដាក់ក្នុងបញ្ជីប្រភេទកីឡា MARTIAL ARTS ជាមួយកីឡា Ju-Jitsu (ប្រភពពីជប៉ុន), ការ៉ាត់តេដូ (ប្រភពពីជប៉ុន), Kickboxing, Sumo (ប្រភពមកពីជប៉ុន) និងវ៉ូស៊ូ (ប្រភពមកពីចិន)៕