នៅព្រឹកថ្ងៃទី 25 ខែកក្កដា ឆ្នាំ ២០២២នេះ គេស្រាប់តែឃើញវត្តមានតារាសម្ដែង សេង មង្គល បង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលនៅហាងពេជ្រ ដាណា ទ្រី ដែលទើបតែកាត់ខ្សែបូក្រហម។ ហ្វេនរបស់តារាប្រុសរូបនេះ បានចោមរោមសុំថតរូបជាមួយលោកយ៉ាងច្រើនកកកុញក្នុងហាងពេជ្រទើបសម្ពោធថ្មីនេះ។
នៅក្នុងនោះដែរ លោកស្រី ទ្រី ដាណា ដែលជាអគ្គនាយកក្រុមហ៊ុន NNP និងជាថៅកែហាងពេជ្រមួយនេះ ក៏បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងដូចគ្នា ចំពោះវត្តមានលោក សេង មង្គល ដោយមិននឹកស្មានថា លោកក៏ជាបុរសម្នាក់ដែលមកចូលរួមលើកទឹកចិត្តលោកស្រីក្នុងថ្ងៃពិសេសនេះផង។
លោក សេង មង្គល បានបង្ហាញថាលោក ទិញចិញ្ចៀនពេជ្រមួយវង់ ដែលមានតម្លៃជាងកន្លះម៉ឺនដុល្លារ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា សម្រាប់ពាក់ក្នុងកម្មវិធី មិនមែនបង្ហាញថាមានគូស្នេហ៍នោះទេ។ លោក សេង មង្គល មានបំណងចង់មកទិញចិញ្ចៀនពេជ្រ និងចូលរួមចាប់រង្វាន់លើកទឹកចិត្តដូចជាអតិថិជនទូទៅដែរ ក៏ប៉ុន្តែអ្វីដែលពិសេសជាងនេះ គឺលោកចង់មកលើកទឹកចិត្តម្ចាស់ហាងដោយផ្ទាល់តែម្ដង។
ជាមួយគ្នានោះដែរ លោក ទ្រី ដាណា ក៏បានប្រាប់់ទៅកាន់ហ្វេនរបស់លោកស្រី ក៏ដូចជាហ្វេនរបស់លោកមង្គលថា កន្លងមកជាង ២ឆ្នាំនេះ ហាងពេជ្រលោកស្រីដំណើរកាទៅបានរីកចម្រើនខ្លាំង ក៏ព្រោះតែទំនុកចិត្ត ដោយមិនមានប្រូមូ៉សិនពិសេសបញ្ចុះតម្លៃអ្វីទាំងអស់។ ប៉ុន្តែថ្ងៃសម្ពោធហាងពេជ្រសាខាថ្មីនេះ លោកស្រីបានលើកឡើងពីការចាប់រង្វាន់លើកទឹកចិត្តដល់អតិថិជន ដោយមានការផ្ដល់ជូនជារង្វាន់ រថយន្ត Ford ស៊េរីទំនើបមួយគ្រឿងជារង្វាន់ធំ និងមានមូ៉តូ Hongda Dream ជាច្រើនគ្រឿងថែមទៀត។
បន្ទាប់ពីជួយរើសចិញ្ចៀនពេជ្រមួយវង់ឱ្យលោក សេង មង្គល ហើយនោះ លោកស្រី ទ្រី ណាដា ក៏បានបណ្ដើរតារាសម្ដែងប្រុសរូបនេះ ទៅចាប់រង្វាន់នៅខាងមុខហាងដើម្បីផ្សងសំណាងយករង្វាន់ធំ រហូតធ្វើឱ្យហ្វេនតាមប្រមាញ់រូបផ្អើលហាងតែម្ដង។
សូមជម្រាបជូនថា ហាងពេជ្រ ដាណា ទ្រី សាខាថ្មីដែលទើបបើកសម្ពោធនេះ មានទីតាំងស្ថិតនៅខាងមុខច្រកចូលបុរីប៉េងហួតបឹងស្នោរ៕