បើនិយាយពីភាពយន្តស្រើបស្រាលបែប១៨+ ជាទូទៅអ្នកដែលធ្លាប់ទស្សនាច្រើនតែនឹកទៅដល់ភាពយន្តជប៉ុន រហូតធ្វើឱ្យតារាសម្ដែងជប៉ុនជានារីមួយចំនួនមានកេរ្តិ៍ឈ្មោះល្បីនិងមានអ្នកស្គាល់នាងច្រើនដូចជា ម៉ារៀ អូសាវ៉ា ដែលបច្ចុប្បន្នបានរលាស់ខ្លួនឈប់ពីវិស័យភាពយន្តស្រើបស្រាល ហើយទៅប្រើប្រាស់ជីវិតសាមញ្ញជាគូស្នេហ៍នៅប្រទេសហ្វីលីពីន។
ទស្សនិកជនខ្លះអាចនឹងមិនទាន់បានដឹងទេថាប្រទេសជិតខាងភូមិផងរបងជាមួយកម្ពុជាដូចជាប្រទេសថៃក៏មានភាពយន្តលក្ខណៈ១៨+ នេះដូចគ្នា ចំណែកការសម្ដែងទៀតសោត ក៏មិនចាញ់ជប៉ុនប៉ុន្មាននោះឡើយ រឿងខ្លះ ឬឈុតឆាកខ្លះអាចនឹងច្បាស់ៗជាងភាពយន្តរបស់ជប៉ុនទៅទៀត។ ត្រយងសូមលើកយកភាពយន្តបែប អ៊ីរ៉ូទិក ១៨+ បូកចំនួន៤រឿងរបស់ថៃ ដែលអាចសន្មតបានថាមិនចាញ់ភាពយន្តបែប១៨+ របស់កូរ៉េ ជប៉ុន អាមេរិក ឬចិននោះឡើយ។
១. ผู้หญิง 5 บาป (ភូយិងហាបាប មនុស្សស្រីបាបទាំង៥)
ភាពយន្តដំបូងគេនេះគឺជារឿងថៃលំដាប់ប្រវត្តិសាស្ត្រក៏ថាបាន ព្រោះរឿងនេះផលិតករ បានផលិតរហូតដល់ទៅពីរវគ្គឯណោះ។ ភាពយន្តនេះមានការចាប់អារម្មណ៍ព្រោះតួអង្គសុទ្ធតែជា Sexy Star នាសម័យកាលនោះ ចំណែកសាច់រឿងវិញក៏គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ដែរ ព្រោះសាច់រឿងដូចជាយមបាលបានចាប់មនុស្សស្រីនាក់ដែលមានបាបជាប់ខ្លួនមកចង ហើយឱ្យមនុស្សស្រីទាំង៥នាក់នោះនិយាយពីអំពើបាបដែលខ្លួនបានសាង។ អំពើបាបដែលពួកនាងបានសាងគឺយកប្ដីគេ ហើយស្ត្រីទាំង៥នាក់នោះក៏បានទទួលទោសខុសៗគ្នា។ ប៉ុន្តែនៅក្នុងខណៈដែលពួកនាងនិទានពីបាបរបស់ខ្លួននោះក៏មានឈុតឆាកក្ដៅសាច់ ដែលធ្វើឱ្យអ្នកទស្សនាកាន់តែមើលកាន់តែញាប់ញ័រពីតួអង្គម្នាក់ទៅម្នាក់ទៀត។
២. จันดารา (ចាន់តារា)
បើនិយាយថារឿងស្ត្រីមានបាបទាំង៥ គឺជាភាពយន្តលក្ខណៈប្រវត្តិសាស្ត្រ រឿងចាន់តារា ក៏ចាត់ទុកថាជាប្រវត្តិសាស្ត្រដូចគ្នា ព្រោះរឿងរ៉ាវរបស់ចាន់ ក្មេងប្រុសតូចដែលត្រូវឪពុកបង្កើតស្អប់ខ្ពើម ព្រោះយល់ថាគេធ្វើឱ្យម្ដាយស្លាប់តាំងពីកើត ដោយឪពុករបស់ចាន់ គឺឃុនហ្លួងដែលមានអារម្មណ៍ផ្លូវភេទខ្លាំង មនុស្សស្រីគ្រប់គ្នានៅក្នុងផ្ទះមិនថាស្រីបម្រើ តូចធំ ឪពុករបស់ចាន់ ចាត់ការគ្មានសល់ម្នាក់។
តួអង្គចាន់ បានដឹងរ៉ឿងរ៉ាវបែបនេះមករហូត មិនថារឿងដែលឪពុកប្រព្រឹត្តិ ឬកំហឹងដែលឪពុកមានចំពោះខ្លួន។ ក្រៅពីឪពុកហើយនោះ បងប្អូនស្រីឪពុកតែមួយម្ដាយទីទៃរបស់ចាន់ ក៏ស្អប់ចាន់ និងរកឱកាសធ្វើបាបចាន់គ្រប់ពេលវេលា ហើយទីបំផុតចាន់ក៏ភ្លាត់ស្នៀតត្រូវគេមួលបង្កាច់ និងត្រូវឪពុកបណ្ដេញពីផ្ទះ ហើយរឿងនេះបានក្លាយជាដំបៅក្នុងចិត្តរបស់ចាន់ រហូតមក។ នេះគឺគ្រាន់តែរឿងរ៉ាវខ្លះៗពីវគ្គដំបូងឬវគ្គបឋមបទប៉ុណ្ណោះ។ រឿងចាន់តារាចែកចេញជា២វគ្គ គឺវគ្គបឋមបទ និងវគ្គមជ្ឍឹមបទ ដោយវគ្គទីពីរគឺរឿងរ៉ាវរបស់ចាន់ដែលធំពេញវ័យកម្លោះ ហើយមានឱកាសសងសឹកនិងទាមទារយកគ្រប់យ៉ាងរបស់គេមកវិញ។
រឿងរ៉ាវទំនងជាចប់ដោយល្អ ប៉ុន្តែនៅពេលចាន់បានគ្រប់យ៉ាងមកក្នុងដៃ ជីវិតរបស់គេហាក់ដូចជាមានកម្ម ព្រោះនៅទីបំផុតខ្លួនគេក៏ប្រព្រឹត្តិមិនខុសពីឪពុករបស់គេនោះឡើយ ព្រោះសូម្បីតែប្រពន្ធចុងរបស់ឪពុកខ្លួន ក៏ចាន់មិនលើកលែងនោះដែរ។ រឿងនេះបើនិយាយឱ្យពិតទៅឈុតឆាកស្នេហាផ្សេងៗដែលបង្ហាញក្នុងរឿងប្រៀបដូចជាផ្នែកមួយជួយផ្សែផ្សំឱ្យសាច់រឿងនេះមានលក្ខណៈពេញលេញងាយស្រួលឱ្យអ្នកទស្សនាងាយចូលអារម្មណ៍ប៉ុណ្ណោះ ប៉ុន្តែទោះជានិយាយដូច្នេះក្ដី សម្រាប់ឈុតឆាកពីមួយទៅមួយ ពិតជាក្ដៅគគុករហូតដល់អ្នកទស្សនាអាចនឹងឈាមច្រមុះក៏ថាបាន។
៣.แม่เบี้ย (ម៉េបៀរ កំណើតពស់វែក)
គឺជាភាពយន្តដែលទទួលរងនូវរឿងអាស្រូវខ្លាំងបំផុតមួយក្នុងរង្វង់ភាពយន្តថៃ ហើយភាពយន្តមេបៀរនេះក៏ត្រូវបានយកផលិតម្ដងហើយម្ដងទៀត ព្រោះជាសាច់រឿងស្ដីពីប្រវត្តិប្រពន្ធពស់វែក។ រឿងមេបៀនិយាយពីស្ត្រីម្នាក់ឈ្មោះ មេខៈឡា រស់នៅផ្ទះបុរាណក្នុងខេត្តសុផាន់បុរី ថ្ងៃមួយនាងបានទទួលភ្ញៀវម្នាក់ជាកំលោះក្រុងបាងកក ឈ្មោះ ឆាណាក់ឈុន ដែលមានគោលបំណងចង់ទិញផ្ទះបុរាណជាប់មាត់ទឹករបស់មេខៈឡា។
ពេលមកដល់ផ្ទះនោះឆាណាក់ឈុនពេញចិត្តពេញថ្លើមផ្ទះបុរាណនេះយ៉ាងខ្លាំង ត្រង់ចំណុចនេះរូបគេមិនត្រឹមតែពេញចិត្តផ្ទះបុរាណនោះទេ តែសំដៅដល់ទាំងម្ចាស់ផ្ទះផងដែរ។ មេខៈឡាគឺជានារីមានរូបស្អាត ពោរពេញដោយមន្តស្នេហ៍ អាចឆក់យកដួងចិត្តបុរសៗព្រោះតែចំណុចទាក់ទាញ។ បន្តិចម្ដងៗ ទាំងឆាណាក់ឈុន និងមេខៈឡា ដែលឧស្សាហ៍ទាក់ទងគ្នាជាញឹកញាប់ រហូតក្លាយទំនាក់ទំនងស្នេហាស្រីនិងប្រុស។ នៅក្នុងទំនាក់ទំនងគ្នានេះដែរ ឆាណាក់ឈុនបានមើលឃើញថាអ្នកផ្ទះនេះរក្សាទំនៀមទំលាប់ប្រពៃណីបុរាណយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងមានអាថ៌កំបាំងទាក់ទងនឹង ពស់ពិសយក្ស ដែលធ្វើឱ្យផ្ទះនេះកាន់តែគួរឱ្យខ្លាច ព្រមទាំងព្យាយាមធ្វើបាបគេគ្រប់ពេលដែលមានឱកាស។
ទំនាក់ទំនងស្អិតរមួតបេះមិនដាច់របស់អ្នកទាំងពីរកាន់តែជ្រាលជ្រៅខ្លាំងៗឡើង ហើយនេះក៏ជាមូលហេតុដែលធ្វើឱ្យអ្នកទាំងពីរនិងមនុស្សជុំវិញខ្លួនធ្លាក់ទៅក្នុងមហន្តរាយនៃជីវិត មិនថាភរិយារបស់ឆាណាក់ឈុនដែលមិនអាចទទួលយកបានរឿងដែលស្វាមីបែកចិត្ត ឬផុត មិត្តជិតស្និទ្ធិដែលតាមប្រច័ណ្ឌមេខៈឡាខ្លាំងឡើងៗ ព្រោះតែក្ដៅក្រហាយដែលនាងមានចិត្តឱ្យបុរសផ្សេង។
ក្នុងនោះសូម្បីតែពស់យក្ស ក៏ព្យាយាមបង្ហាញខ្លួនឱ្យមេខៈឡា និងឆាណាក់ឈុនឃើញញឹកញាប់ឡើង និងបញ្ចេញមហិទ្ធិរិទ្ធិកាន់តែខ្លាំង ហាក់ដូចជាចង់ដាស់ស្មារតីអ្នកទាំងពីរឱ្យត្រលប់មកគោរពប្រពៃណីវិញ ទីបំផុតរឿងរ៉ាវក៏ឈានដល់ការសងសឹកយ៉ាងស៊ីសាច់ហុតឈាម។
រឿងនេះជាភាពយន្តអ៊ីរ៉ូទិចដ្រាម៉ា ដែលមានសាច់រឿងគួរឱ្យចង់តាមដាន ព្រោះមិនថាសាច់រឿងស្នេហាដែលកាន់តែក្ដៅគគុក ពីតួអង្គសម្ដែងជាច្រើនគូហើយនោះ នៅមានសកម្មភាពផ្សេងៗនៃសាច់រឿងដែលបង្កឱ្យកើតមានជាគំនុំសងសឹកគ្នា។ រឿងនេះសម្រាប់អ្នកចូលចិត្តមើលរឿងក្ដៅសាច់ តែបង្កប់ដោយអត្ថន័យអប់រំដាស់តឿន មិនគួររំលងនោះឡើយ៕