ក្លិបមហាសេដ្ឋីម៉ាឡេស៊ី Johor Darul Ta’zim FC ប្រកាសនាំចូលគ្រូបង្វឹកថ្មី Héctor Bidoglio អតីតគ្រូ Newell’s Old Boys ដែលជាក្លិបដើមរបស់ Messi នៅអាហ្សង់ទីន។ ក្រោយចែកផ្លូវជាមួយលោក Benjamin Mora គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ។
មុននាំចូលគ្រូបង្វឹកថ្មី ក្លិបបាល់ទាត់ Johor Darul Ta’Zim (JDT) ក៏បានប្រកាសអំពីការចុះហត្ថលេខានាំយកខ្សែការពារថ្មី Jordi Amat វ័យ៣០ឆ្នាំ អតីតកីឡាករ Swansea City និងខ្សែការពារកណ្តាល១រូបបន្ថែមទៀតកីឡាករ Daniel Ting កូនកាត់អង់គ្លេស-ម៉ាឡេស៊ី វ័យ២៩ឆ្នាំ។
គួរដឹងថាក្លិបបាល់ទាត់ Jorhor Darul Ta’zim របស់ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim បានគ្រងតំណែងជើងឯកពានរង្វាន់លីគកំពូលរបស់ប្រទេសម៉ាឡេស៊ី Malaysia Super League ចំនួន៨ឆ្នាំជាប់ៗគ្នាហើយ គឺគិតចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ។
ក្លិបដែលមានកីឡដ្ឋានជាប់ឈ្មោះជាកីឡដ្ឋានស្អាតជាងគេបំផុតនៅលើលោកក្នុងឆ្នាំ២០២០ មួយនេះបានឡើងមកលេងពានរង្វាន់លីគកំពូលម៉ាឡេស៊ី នៅរដូវកាល២០០៥-២០០៦ ហើយឈ្នះជើងឯកជាប់ៗគ្នាគឺនៅឆ្នាំ២០១៤,២០១៥,២០១៦,២០១៧,២០១៨,២០១៩,២០២០និង២០២១ នេះ៕