លោក ទុំ សារ៉ាយ គ្រូបង្គោលក្រុមអគ្គិសនីកម្ពុជា ថ្លែងថា៖«មិនមានសម្ពាធខ្លាំងឡើយក្នុងការប្រកួតតទល់គិរីវង់សុខសែនជ័យ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នៅថ្ងៃពុធ ទី០៣ ខែសីហា សប្ដាហ៍នេះ។ តែយ៉ាងណា លោកថា នឹងមិនប្រហែសទេ ដោយប្រឹងប្រែងផ្ដោតអារម្មណ៍ឲ្យបានល្អ»។

គ្រូបង្វឹកជាអតីតកីឡាករអគ្គិសនីកម្ពុជាដដែលទទូចថា មិនហ៊ានប៉ាន់ស្មានលើលទ្ធផលថា នឹងទៅជាយ៉ាងណាឡើយ ព្រោះអ្វីៗក៏អាចកើតឡើងបានដែរ។ លោកថា ពេលខ្លះក្រុមលោកអាចលេងល្អ តែក៏មិនប្រាកដនឹងធ្វើបានល្អពេលជួបជាមួយគិរីវង់សុខសែនជ័យទេ។

អ្វីដែលសំខាន់នោះនឹងព្យាយាមឲ្យកូនក្រុមរក្សាការប្រឹងប្រែង ដោយមិនមើលស្រាលគេឡើយ។ឆ្លើយតបទៅនឹងសំណួរថាតើហេតុអ្វីបានជាក្រុមរបស់លោកធ្វើបានល្អ ពោលមិនដែលចាញ់សោះក្នុងការប្រកួតលីគទី២កន្លងមក លោក ទុំ សារ៉ាយ សង្កត់ធ្ងន់ថា មិនមានការផ្លាស់ប្ដូរសមាសភាពក្រុមឡើយ ដោយនៅដដែល។

ជាមួយគ្នានេះ ការលេងក្នុងក្រុមក៏កាន់តែយល់ចិត្តគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។គួរដឹងដែរថា អគ្គិសនីកម្ពុជា ត្រូវបានដំឡើងមកកាន់វគ្គ១៦ក្រុម ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ដោយស្វ័យប្រវត្តិជាមួយក្រុមនគរបាលជាតិ បន្ទាប់ពីគូប្រជែងពួកគេក្នុងវគ្គជម្រុះថ្នាក់ជាតិ គឺយុវជនបាទី និងត្បូងឃ្មុំ មិនបានចូលរួមការប្រកួត៕

Share.