តារាសម្ដែងឯក Daniel Craig ដែលអ្នកគាំទ្របានស្គាល់តាមរយៈតួអង្គភ្នាក់ងារសម្ងាត់ 007 ក្នុងភាពយន្ត «James Bond» ដែលមាន៥វគ្គ បានចេញមកទម្លាយពីអារម្មណ៍សោកសៅជាទីបំផុតរបស់ខ្លួន នៅពេលដែលលោកបានដឹងថាសម្ដេចព្រះមហាក្សត្រី Elizabeth II នៃចក្រភពអង់គ្លេសបានសោយព្រះវិលាល័យកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ តារាសម្ដែងរូបនេះ បានថ្វាយសេចក្ដីគោរព និង ចងចាំនូវគុណូបការៈដ៏ប្រពៃថ្លៃថ្លារបស់ព្រះអង្គជាទីនឹករលឹករហូតទៅ។
តួអង្គ James Bond រូបនេះ គឺជាតារាមួយដួងដែលបានចូលគាល់ជិតស្និទ្ធិ នឹងQueen Elizabeth ជាច្រើនលើកច្រើនសារ ជាពិសេសនៅពេលដែលទ្រង់ផ្ដល់ ព្រះកិត្តិយសចូលរួមសម្ដែង ដើម្បី Surprise បើកកម្មវិធី Olympic Games ឆ្នាំ២០១២ នាទីក្រុងដ៏ ដោយកម្មវិធីបើកកីឡាអូឡាំពិននោះមានលក្ខណៈមហស្ចារ្យខ្លាំងព្រោះមានចាក់ VTR ដែល Daniel ក្នុងតួអង្គជា James Bond ចូលទៅគាល់ព្រះមហាក្សត្រីក្នុងព្រះបរមរាជវាំង Buckingham ហើយយាងអញ្ជើញទ្រង់ឡើង ឧទ្ធម្ភាគចក្រ (Helicopter) រួចនាំទ្រង់ហោះ ទៅកាន់ពហុកីឡដ្ឋាន។ បន្ទាប់មកទៀតព្រះមហាក្សត្រីទ្រង់លោតចុះពីលើឧទ្ធម្ភាគចក្រ ចុះមកកណ្ដាលពហុកីឡដ្ឋាន កណ្ដាលចំណោមមនុស្សរាប់សែននាក់ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជននាអំឡុងពេលនោះ។
ផលិតករ ផលិត VTR ជាប្រវត្តិសាស្ត្រនោះ បានចេញមកបង្ហើបពីអាថ៌កំបាំងពិតនៅពីក្រោយការថតនេះថា Queen Elizabeth II ទ្រង់បានចូលរួមសម្ដែងនៅក្នុង VTR នោះពិតប្រាកដមែន ប៉ុន្តែទ្រង់មិនបានឱ្យសមាជិក ឬព្រះញាតិវង្សណាមួយបានដឹងពីរឿងនេះឡើយ។ ថ្វីបើការលោតចុះពី ឧទ្ធម្ភាគចក្រ ប្រើតារាសម្ដែងជំនួសក៏ពិតមែន ប៉ុន្តែលោកបានអះអាងថា ព្រះអង្គម្ចាស់ក្សត្រីពិតជាបានចូលរួមសម្ដែងជាមួយនឹង Daniel ពិតប្រាកដមែន ចំណែកតួអង្គសុនខ២ក្បាល ដែលសម្ដែងក្នុងវីដេអូនោះក៏ជាសុនខដែលទ្រង់ចិញ្ចឹមដោយព្រះអង្គឯងផងដែរ។
Daniel Craig មានឱកាសបានចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រីជាច្រើនលើកច្រើនសារ និងបានទទួលគ្រឿងឥស្សរយស្ដិពីព្រះហស្ថព្រះអង្គដោយផ្ទាល់ ក្នុងឋានៈជាបុគ្គលដែលមានគុណូបការៈខ្ពស់ក្នុងវិស័យភាពយន្ត។ តួអង្គ James Bond វ័យ៥៤ ឆ្នាំរូបនេះធ្លាប់បានបង្ហើបក្នុងកម្មវិធី «The Late Show with Stephen Colbert» ថា «ព្រះអង្គម្ចាស់ក្សត្រី Elizabeth II» ទ្រង់មានព្រះទ័យសណ្ដោសប្រណីនិងចូលចិត្តលេងសើច ។ លោកបានបន្តទៀតថា ទ្រង់ធ្លាប់មានព្រះបន្ទូលបង្អាប់លោកថា «លោកគឺជាមនុស្សតែម្នាក់គត់ដែលមិនព្រមញញឹមពេលថតរូបជាមួយគ្នា» ចំណែកសុនខទាំង២ក្បាលរបស់ទ្រង់ក៏រាក់ទាក់លោកខ្លាំងដូចគ្នាដែរ។