អតីតតារាសម្ដែងល្បី និង បច្ចុប្បន្នជាអ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍ TVB លោក Eric Tang កំពុងតែរងព្យុះភ្លៀងដោយសារពាក្យសម្ដីរិះគន់ពីសាធារណមតិ ក្រោយរូបភាពឱបនិងថើបនារីម៉ូដែលវ័យក្មេងបានផ្សព្វផ្សាយចេញមកខាងក្រៅ។
កាលពីថ្មីៗនេះ រូបភាពអតីតតារាសម្ដែងវ័យ ៦៩ឆ្នាំ ក្នុងកម្មវិធីខួបកំណើតរបស់តារាម៉ូដែល Lebara គម្រប់វ័យ២៦ឆ្នាំ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងរូបភាពនិងវីដេអូបានបង្ហាញថាលោក Eric Tang បានឱបកនិងថើប ជិតរឹមតារាម៉ូដែលរូបនោះ ថែមទាំងបានផ្លុំទាននំខួបកំណើតរួមគ្នាទៀតផង។
Lebara បានបង្ហោះវីដេអូខួបកំណើតខ្លួន កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយសរសេរភ្ជាប់ថា៖ «ឆ្នាំនេះខ្ញុំបានផ្លុំទៀនជាមួយនឹង Eric Tang ហើយគាត់ថែមទាំងជូនពរខួបកំណើតខ្ញុំទៀតផង។ ក្ដីប្រាថ្នាខ្ញុំឆ្នាំនេះគឺសុំឱ្យពិភពលោកមានសន្តិភាពនិងមិនមានការស្អប់គ្នា»
រូបភាពដ៏រីករាយនេះបានក្លាយជាប្រភពនាំនូវមតិរិះគន់មកដល់ខ្លួនរបស់តារាជើងចាស់រូបនេះ ដោយសាធារណជនបានបញ្ចេញជាយោបល់ថា សកម្មភាពនិងទង្វើរបស់លោកហាក់ដូចជាជ្រុលហួសហេតុពេក ដូច្នេះក្នុងនាមលោកជាអ្នកគ្រប់គ្រង TVB ក៏ដូចជាតារាមួយដួងដែរនោះ គួរឱ្យប្រយ័ត្នប្រយែងចំពោះរាល់សកម្មភាពនិងពាក្យសម្ដីរបស់ខ្លួន។
បើងាកមកសាមីខ្លួនដែលកំពុងរងនូវការរិះគន់យ៉ាងដំណំនោះ លោកបានទម្លាយឱ្យដឹងនៅក្នុងបទសម្ភាសន៍មួយនាកម្មវិធីប្រកួតចម្រៀង Star academy 2 ថា លោក និងម្ចាស់ខួបកំណើតមិនបានស្គាល់គ្នាជាឯកជននោះឡើយ ហើយសកម្មភាពរបស់លោកនោះគឺគ្រាន់តែជាការថើបសាមញ្ញមួយជូនពរម្ចាស់ខួបប៉ុណ្ណោះ។
តារាជើងចាស់រូបនេះបានពន្យល់ទៀតថា លោក និងមិត្តភក្ដិពីរបីនាក់ត្រូវបានគេអញ្ជើញឱ្យទៅភ្លក់រសជាតិពងត្រី caviar នៅភោជនីយដ្ឋាននោះ ក្រោយមកក៏ត្រូវបានគេអញ្ជើញឱ្យទៅចូលរួមក្នុងកម្មវិធីរបស់ Lebara ប៉ុន្តែលោកសូមអះអាងថាលោកមិនបានស្គាល់ថានាងជាអ្នកណានោះឡើយ។ លោកបានបន្តទៀតថា លោកថើបនាងដើម្បីជាកាដូខួបកំណើតនិងបង្ហាញពីភាពគួរសមមួយ ក្រោយពីបានច្រៀងចម្រៀងខួបកំណើតរួច ម្យ៉ាងវិញទៀតការថើបមុខគឺជាទំរង់មួយបង្ហាញពីភាពគួរសម៕
ប្រភព៖ VNexpress, the stars