ខ្សែប្រយុទ្ធ Gareth Bale ទើបបង្កើតប្រេនស្រាបៀរថ្មីមានឈ្មោះថា Bale Ale ក្រោយផ្លាស់ទៅលីគកំពូលអាមេរិក Major League Soccer ជាមួយក្លិបបាល់ទាត់ Los Angeles FC ប៉ុន្មានខែប៉ុណ្ណោះ។
ទោះបីជាកន្លងមក Gareth Bale ធ្លាប់និយាយថារូបគេមិនចូលចិត្តគ្រឿងស្រវឹង ឬជាតិអាល់កុលនោះទេ តែយ៉ាងណាមិញការបង្កើតស្រាបៀរនេះគឺសង្ឈឹមថានឹងអាចយកចំណូល ដើម្បីជួយទំនុកបម្រុងដល់កីឡាបាល់ទាត់នៅប្រទេសវេលស៍ នៅតាមតំបន់ជនបទក្នុងប្រទេសកំណើតរបស់គេ។
គួរដឹងថាស្រាបៀរ Bale Ale របស់ Gareth Bale មួយដបតម្លៃក្បែ២ដុល្លារ មាន២ប្រភេទគឺ ប្រភេទស្រាលស្រទន់ Lager និងប្រភេទខ្លាំងចត់ Ale។
ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះបានជួយឲ្យក្រុមជម្រើសជាតិវេលស៍ ទទួលបានកៅអីទៅលេងពានរង្វាន់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតារ ជាលើកដំបូងក្នុងរយ:ពេល៦៤ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ១៩៥៨ មកម្ល៉េះ ក្រោយយកឈ្នះ អ៊ុយក្រែន ១-០ នៅកីឡដ្ឋាន Cardiff City។
តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា៕