បន្ទាប់ពីរត់បានសម្រេចគោលដៅចេញពីភ្នំពេញទៅដល់សៀមរាបដែលតារាចម្រៀង សាយ រត់បាន ៤ សែនជំហាន ស្រាប់តែពេលនេះគ្រូពេទ្យបានហាម មិនឱ្យលោករត់រយៈចំងាយឆ្ងាយលើសពី ១០ គីឡូម៉ែត្រឡើយ បើមិនដូច្នោះទេ លោកអាចប្រឈមនឹងទុក្ខទេវនានៅថ្ងៃក្រោយ។ នេះបើតាមការបង្ហោះប្រាប់ពី សាយ នៅថ្ងៃចុងខែតុលាឆ្នាំ២០២២នេះ។
លោក សាយ បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យសុខភាពរួចរាល់ហើយ កម្មវិធីរត់ជាមួយ សាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់លោក ព្រោះសូម្បីតែពេទ្យក៏ណែនាំឱ្យលោកឈប់រត់ឆ្ងាយលើសពី 10 គីឡូម៉ែត្រដែរ បើសិនជារូបលោកមិនចង់វេទនានៅពេលក្រោយ។
លោកបន្តថា សង្ឃឹមថាតាមរយៈសកម្មភាពរបស់លោកនិងក្រុមការងារ នឹងជំរុញទឹកចិត្តដល់យុវជនដទៃទៀតដើម្បីបន្តវេនកិច្ចការងារជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជា។ ទើបលោកប្រើពាក្យថា Cambodia Children need YOU ជាសារសំខាន់បំផុត។
សូមជម្រាបថា នៅថ្ងៃទី ៣០ តុលា នេះ បេសកម្មសប្បុរសធម៌របស់ សាយ បានសម្រេចដល់គោលដៅ និងបានរៃអង្គាសប្រាក់ពីសប្បុរសជនបានចំនួន ៦៦ ៤៧០.៩១ ដុល្លារ ដែលស្មើនឹង ២៦៥ ៨៨៣ ៦៤០ រៀល ជូនទៅកាន់មន្ទីរពេទ្យកុមារអង្គរ។