កណ្តាល ៖ ក្មេងប្រុសស្រីចំនួន៤នាក់ដែលបាននាំគ្នាទៅចុះរាវលៀស ខ្ចៅ នៅក្នុងទឹករណ្តៅដី ហើយបានលង់លិចស្លាប់ទាំង៤នាក់ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរ កម្លាំងអង្គភាពឆ័ត្រយោង៩១១ ចុះរាវរកឃើញបន្តបន្ទាប់ មកដល់ព្រលឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សពក្មេងប្រុស២នាក់ រកឃើញក្រោយគេ ។
ក្មេងរងគ្រោះទាំង៤នាក់ ៖ ទី១ ឈ្មោះ នី ស្រីណាក់ ភេទស្រី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៥ច , ទី២ ឈ្មោះ នី ស្រី ណា ភេទស្រី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៥ង ជាបងប្អូនកូនភ្លោះ , ទី៣ ឈ្មោះ ថាន គីមយ៉ាង ភេទប្រុស អាយុ ១២ឆ្នាំ រៀនថ្នាក់ទី៦ខ , ទី៤ ឈ្មោះ ថាន ថានុ ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ង ។ ក្មេងទាំង៤នាក់រៀននៅសាលាបឋមសិក្សាហ៊ុន សែន ថ្នល់ទទឹង ។
ក្រោយពីកម្លាំងសមត្ថកិច្ច កម្លាំងរាវរកឃើញសពក្មេងទាំងអស់ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះទាំង៤នាក់នាំគ្នាទៅចុះលេងទឹកស្រះ នៅចំណុចកើតហេតុ ជាអកុសលលង់លិច បាត់ក្នុងទឹក បង្កឲ្យភ្ញាក់ផ្អើល ហើយត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរ ពិសេសកម្លាំងរាវរករបស់អង្គភាព ឆ័ត្រយោង ៩១១ ចេញទៅប្រតិបត្តិការចុះរាវ រហូតដល់វេលាម៉ោង១១និង៤០នាទីយប់ថ្ងៃដដែល។ លុះដល់ព្រឹកថ្ងៃទី ៣០ខែវិច្ឆិកា សមត្ថកិច្ចបានរកឃើញសាកសពក្មេងប្រុស២នាក់ទៀត៕





អត្ថបទ៖តាតុង សែនជ័យ