បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហាញបញ្ជីឈ្មោះជម្រើសជាតិកម្ពុជាដើម្បីត្រៀមចូលរួមប្រកួតដណ្ដើមពានរង្វាន់ AFF Mitsubishi Electronic Cup 2022 រួមមក ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ហើយនៅថ្ងៃនេះ ដែលចាប់ផ្ដើមពីម៉ោង ៤:៣០នាទីល្ងាចនេះទៅ ស្ថិតនៅទីលានហ្វឹកហាត់របស់ក្លិបព្រះខ័នរាជស្វាយរៀង។

ក្រោយពេលបញ្ចប់ពានរង្វាន់បាល់ទាត់លីកកំពូលកម្ពុជា សម្រាប់រដូវកាលឆ្នាំ២០២២នេះ និងបានរកឃើញម្ចាស់ជើងឯកគឺ ភ្នំពេញក្រោន ៥២ពិន្ទុ ជើងឯករង វិសាខា ៥២ពិន្ទុ លេខ៣ ព្រះខ័នរាជស្វាយរៀង ៤៩ពិន្ទុ លេខ៤ បឹងកេត ៣៩ពិន្ទុ លេខ៥ ណាហ្គាវើល ២៩ពិន្ទុ លេខ៦ Tiffy Army FC ២៣ពិន្ទុ លេខ៧ អង្គរថាយហ្គឺរ ២១ពិន្ទុ លេខ៨ គីរីវង់សុខសែនជ័យ ៥ពិន្ទុ។

អត្ថបទពាក់ព័ន្ធ៖កីឡាករ​តែ​ម្នាក់​គត់​នៅ​ក្រៅ​តំបន់ Top 4 កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លើក​នេះ

បន្ទាប់ពីរកឃើញជើងឯក ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL ក៏បានប្រកាសពីកម្មវិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគ (CPL Football Award) ឆ្នាំ២០២២ ដែលនឹងរៀបចំឡើងនាថ្ងៃពុធ ទី៧ ខែធ្នូ នៅផ្សារទំនើប អ៊ីអ៊ន ម៉ល សែនសុខ ចាប់ពីម៉ោង ១៦:០០នាទីល្ងាចតទៅ។

ក្រោយចប់កម្មវិធីប្រគល់ពានក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវចេញទៅកាន់ប្រទេសម៉ាឡេស៊ី នៅយប់ថ្ងៃទី៧ ខែធ្នូ ខាងមុខនេះភ្លាមៗ ដើម្បីប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ។

ខណ:ការប្រកួតបើកឆាក គោព្រៃកម្ពុជា នឹងត្រូវជួប ហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ វេលាម៉ោង ៧:០០នាទីយប់ ពានរង្វាន់ AFF Mitsubishi Electric Cup ដែលចាប់ផ្ដើមធ្វើឡើងចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយពូល A មានថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, កម្ពុជានិង ប្រ៊ុយណេ ចំណែកពូល B មាន វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ៕

អត្ថបទពាក់ព័ន្ធ៖យក្ស​ឥណ្ឌូណេស៊ី កោះហៅ​​កីឡាករ​ក្រៅស្រុក​៨នាក់​មុន​ប៉ះ​កម្ពុជា ចុង​ឆ្នាំ​នេះ​ក្នុង​ពាន​ជើង​ឯក​អាស៊ាន

Share.