ក្រុមជម្រើសជាតិកម្ពុជា បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ហើយកាលពីម្សិលមិន ដែលចាប់ផ្ដើមពីម៉ោង ៤:៣០នាទីល្ងាច ស្ថិតនៅទីលានហ្វឹកហាត់របស់ក្លិបព្រះខ័នរាជស្វាយរៀង ដើម្បីត្រៀមចូលរួមប្រកួតដណ្ដើមពានរង្វាន់ AFF Mitsubishi Electronic Cup 2022 ។

ក្រោយពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការកោះហៅកីឡាករចំនួន ២៤នាក់ កាលពីពេលថ្មីៗត្រៀមចូលក្រុមជម្រើសជាតិកម្ពុជា មានរឿងគួរចាប់អារម្មណ៍មួយចំនួនដូចខាងក្រោម៖

  • ក្រោយចប់កម្មវិធីប្រគល់ពានលីគកំពូលកម្ពុជានៅល្ងាចនេះ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវចេញទៅកាន់ប្រទេសម៉ាឡេស៊ីភ្លាមៗ ដើម្បីប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ។
  • ក្នុងចំណោមកីឡាករជម្រើសជាតិកម្ពុជាទាំង ២៤រូបដែលបានជ្រើសរើសគឺមានតែកីឡាករម្នាក់ប៉ុណ្ណេះ មិនមែនជាកីឡាកររបស់ក្រុមស្ថិតនៅតំបន់ Top 4 នោះគឺកីឡាករ សុះ ស៊ូហាណា ដែលមកពីក្លិបណាហ្គាវើល ស្ថិតនៅក្នុងលេខរៀងទី៥ ក្នុងចំណោមក្រុមទាំង៨ជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League។
  • បញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ដែលបានកោះហៅមកពីក្លិបបាល់ទាត់ក្នុងស្រុក និងមកពីក្រៅប្រទេសសរុប២៤នាក់ ដោយក្នុងនោះមានក្លិបវិសាខាច្រើនជាងគេ គឺចំនួន១០នាក់,ក្លិបភ្នំពេញក្រោន ចំនួន៥នាក់, ក្លិបបឹងកេត ចំនួន ៤នាក់, ក្លិបព្រះខ័នរាជស្វាយរៀង ២នាក់, ក្លិបណាហ្គាវើលដ៍ ចំនួន ១នាក់ និងមកពីក្រៅប្រទេស ក្លិប Sarawak United ចំនួន១នាក និងក្លិប Orlando City SC “B” ចំនួន១នាក់។
  • ខ្សែប្រយុទ្ធ Nick Taylor កូនកាត់ខ្មែរ-អាមេរិក ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក ស្ថិតក្នុងបញ្ជីរាយនាមក្រុមកីឡាករ និងកីឡាករ កុក បូរីស មកពីក្រៅប្រទេស ក្លិប Sarawak United ដែលនឹងត្រូវកោះហៅសម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី និងត្រៀមសម្រាប់ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022។

អត្ថបទពាក់ព័ន្ធ៖ក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្តុំហើយ

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយស្ថិតក្នុងពូល A ជាមួយថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ប្រ៊ុយណេ ចំណែកពូល B មាន វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ។ កម្ពុជា នឹងត្រូវប្រកួតបើកឆាក គោព្រៃកម្ពុជា នឹងត្រូវជួប ហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ វេលាម៉ោង ៧:០០នាទីយប់៕

Share.